ភ្នំពេញ៖ ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា និងចិន មានទំហំពាណិជ្ជកម្មជាង ៩ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៩ខែ ចាប់ពីខែ មករា ដល់ កញ្ញា ឆ្នាំ ២០២៣ ពោលគឺកើនឡើង ៣.៤ភាគរយ បើប្រៀបធៀនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២ មានចំនួន ៨.៧ ពាន់លានដុល្លារ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលនេះ បានបង្ហាញទៀតថា ចិន នៅតែបន្តឈរលេខរៀងទី១ មានទំហំពាណិជ្ជកម្មធំជាងគេ បន្ទាប់ពីអាមេរិក មានចំនួនជាង ៧ពាន់លានដុល្លារ វៀតណាម ៤.៧ពាន់លានដុល្លារ ថៃ ២.៨ពាន់លានដុល្លារ និងជប៉ុន សម្រេចបាន ១.៣ពាន់លានដុល្លារ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មកម្ពុជា-ចិន កាលពីឆ្នាំ ២០២២កន្លងទៅ មានចំនួនសរុបជាង ១១ពាន់លានដុល្លារ កើនឡើង ៤.៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះ កម្ពុជា នាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧.៩ ភាគរយ និងទំនិញនាំចូលពីចិន មានចំនួនជាង ១០ពាន់លានដុល្លារ កើន ៧.៩ ភាគរយ។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារចិន រួមមាន៖ សម្លៀកបំពាក់ ផលិតផលស្បែកជើង ទំនិញស្បែក គ្រឿងចក្រ និងឧបករណ៍អគ្គិសនី គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។ ដោយឡែកទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ ផលិតផលរោងចក្រកាត់ដេរ ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ គ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម ក្រដាស និងក្រដាសកាតុងជាដើម។
គួរបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ២០១០មក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕