Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បន្ដបោះទុន១០០ពាន់លាន លើការផ្ដល់មូលនិធិ«ខ្សែក្រវាត់និងផ្លូវ»

រដ្ឋធានីប៉េកាំង៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក បានលើកឡើង អំពីអន្ទាក់បំណុលរបស់ចិន ហើយបង្កើតច្រកផ្លូវថ្មី សម្រាប់ទប់ទល់ផងនោះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានប្រកាស អំពីការដាក់កញ្ចប់ថវិកាបន្ថែម រហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់មូលនិធិ«គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងដាក់បញ្ចូលថវិកាបន្ថែម ចំនួន ១០០ពាន់លានដុល្លារអាមេរិក ទៅក្នុងមូលនិធិរបស់ចិន «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។

ខ្សែក្រវាត់ និងផ្លូវ ជាសសរស្តម្ភកណ្តាល សម្រាប់ការឡើងកាន់អំណាចរបស់លោកប្រធានាធិបតី ស៊ី ដើម្បីពង្រីកឥទ្ធិពលរបស់ប្រទេសចិន នៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែអះអាង ថា ឥឡូវនេះ ចិនបានចុះហត្ថលេខាលើកិច្ចសន្យា ជាង២ពាន់ពាន់លានដុល្លារអាមេរិក (over $ 2 trillion dollars) នៅជុំវិញពិភពលោក។ ចិនជាគាំទ្រសាទរ ចំពោះការនាំយកធនធាន និង កំណើនសេដ្ឋកិច្ច មកកាន់លោកខាងត្បូង ប៉ុន្តែគំនិតផ្តួចផ្តើមនេះ ក៏ត្រូវបានថ្កោលទោស មកពីប្រទេសក្រីក្រ ដែលមានបំណុលដ៏ធំសម្បើម ផងដែរ។

លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាស កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដ៏សំខាន់ដល់«ខ្សែក្រវាត់ និងផ្លូវ» រួមមាន ធនាគារអភិវឌ្ឍន៍ចិន និង ធនាគារនាំចេញ-នាំចូល ហើយឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែម ចំនួន១០០ពាន់លានដុល្លារអាមេរិក។ ធនាគារទាំង២នេះ នឹងបង្កើតឱកាសផ្ដល់ហិរញ្ញវត្ថុ រហូតដល់ ៣៥០លានយន់ (លុយចិន) ឬស្មើនឹង ៤៧,៩ពាន់លានដុល្លារអាមេរិក (US$47.9 billion) សម្រាប់គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ( BRI)។ រីឯទឹកប្រាក់បន្ថែម ចំនួន ៨០ពាន់លានយន់ នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការរបស់គម្រោងនេះ ដែលជាមូលនិធិផ្លូវសូត្រ។

វេទិកាសប្តាហ៍នេះ មានការចូលរួម មកពីតំណាងប្រទេស ចំនួន១៣០ ហើយក្លាយជាកិច្ចប្រជុំកំពូលលើកទី៣ ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីការសម្ពោធ«ខ្សែក្រវាត់ និងផ្លូវ» កាលពីឆ្នាំ២០១៣ មក។

ក្រុមអ្នករិះគន់ បានចង្អុលបង្ហាញជាយូរមកហើយ ចំពោះការកំណត់តម្លៃដ៏អាប់អួរ សម្រាប់គម្រោង BRI ដែលបានសាងសង់ ដោយក្រុមហ៊ុនចិន ដោយមានប្រទេសជាច្រើន រួមទាំង ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។ ប្រទេសទាំងនេះ បានចរចាឡើងវិញ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីកាត់បន្ថយនូវការចំណាយ។

រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានបង្ខំឱ្យផ្តល់ប្រាក់កម្ចីសង្គ្រោះ រាប់ពាន់លានដុល្លារ ជួយដល់បណ្តាប្រទេសជាច្រើន ក្រោមគម្រោង BRI នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងនោះ អាចបន្តដំណើរការប្រាក់កម្ចីរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍រួម នៅឆ្នាំនេះ ចេញដោយធនាគារពិភពលោក និង ស្ថាប័នផ្សេងៗទៀត។

ប្រទេសចិន បាននិយាយ នៅខែតុលា នេះ ថា បណ្ដាប្រទេសចូលរួម ជាមួយនឹងគម្រោង BRI បានជំពាក់បំណុលច្រើន ជាង៣០០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលរបស់ចិន។

ក្រុមអ្នកស្រាវជ្រាវ មកពីប្រទេសចិន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានព្រមាន កាលពីឆ្នាំ២០១៩ ថា ការអភិវឌ្ឍន៍កំពង់ផែមេហ្គា បំពង់បង្ហូរប្រេង ផ្លូវរថភ្លើង និង ផ្លូវហាយវេអាចបណ្តាលឱ្យគោលដៅសន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស មិនឈានដល់គោលដៅ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×