Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាសារបស់អាមេរិក ធ្វើឲ្យសម្ពន្ធមិត្តអារ៉ាប់ ខឹងសម្បា

រដ្ឋធានីជេរូសាឡឹម៖ ក្រោយការផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែល-ហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់ពេលនេះ រដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្យាយាម ប្រៀបប្រដូចការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅនឹងក្រុមរដ្ឋអ៊ីស្លាម ហើយការប្រើប្រាស់ភាសាបែបនេះ បាននាំឲ្យមានការរិះគន់ចំៗ មកពីប្រទេសអារ៉ាប់រួម ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ថា សហរដ្ឋអាមេរិក បានប្រើប្រាស់ភាសាអ៊ីស្រាអែល ដោយបានហៅការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) ថា ជា«ISIS»។

ពាក្យពេចន៍ទាំងនេះ បានណែនាំ ថា «អំពើអាក្រក់» នៃការវាយប្រហារនេះ មានន័យ ថា វាមិនទាក់ទងទៅនឹងការខកចិត្ត អស់រយៈពេលជាយូរយារណាស់មកហើយ អំពីការកាន់កាប់របស់អ៊ីស្រាអែល និង ទុក្ខលំបាក នៃការបិទផ្លូវ អស់រយៈពេល១៦ឆ្នាំ នៅតំបន់ហ្គាហ្សា ដែលបានដាក់ដោយអេហ្ស៊ីប នោះទេ។

ដោយឡែក លោកស្រី លូណា នូសសេបេ (Luna Nusseibeh) ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដោយមិនត្រូវមើលរំលង អំពីបរិបទ នៃវិបត្តិនេះទេ។

លោកស្រី ឯកអគ្គរដ្ឋទូតអារ៉ាប់រួម រូបនេះ បានថ្លែង ក្រោយពេលសហរដ្ឋអាមេរិក បានបោះឆ្នោតវេតូ លើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសង្គ្រាម រវាងអ៊ីស្រាអែល-ហាម៉ាស់ ព្រោះវាមិនបានលើកឡើង អំពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។

អារ៉ាប់រួម (UAE) ជារដ្ឋមួយ នៅក្នុងចំណោមប្រទេសអារ៉ាប់ ចំនួន២ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់។ លោកស្រី Nusseibeh បានបញ្ជាក់ ថា ហាម៉ាស់ ត្រូវតែទទួលខុសត្រូវ ចំពោះ«ការអុជបញ្ឆេះភ្លើងសង្គ្រាមចុងក្រោយនេះ»។

លោកស្រី អ្នកការទូតអារ៉ាប់រួម រូបនេះ បានបន្ថែម ថា «ភ្លើងសង្គ្រាមបានឆេះរួចហើយ ហើយវាបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ជម្លោះនេះ បាននាំមកនូវការព្រាត់ប្រាស់ ការបណ្តេញចេញ និង ក្ដីអស់សង្ឃឹម»។

លោកស្រី អ្នកការទូតអារ៉ាប់រួម បានព្រមានដល់សមាជិកក្រុមប្រឹក្សាសន្តិសុខ មិនត្រូវព្រងើយកន្តើយ ចំពោះ «ការគ្រប់គ្រងដ៏យូរអង្វែងបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ មកលើប្រជាជាតិមួយ ដែលមិនចង់ឲ្យគេគ្រប់គ្រង ហើយត្រូវបានទម្លាក់ចោលម្តងហើយម្តងទៀតឡើយ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×