រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហារសងសឹកយ៉ាងខ្លាំង ទៅលើក្រុមជីវពលហាម៉ាស់ និង បិទខ្ទប់តំបន់ហ្កាហ្សា អាចនឹងនាំឲ្យមានវិបត្ដិកាន់តែធ្ងន់ធ្ងរ សម្រាប់មនុស្សជាង២លាននាក់ ហើយឥឡូវនេះ សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យជួយទ្រទ្រង់ដល់ការនាំជំនួយ ចូលទៅដល់តំបន់នេះ សម្រាប់សង្គ្រោះដល់ជនស៊ីវិល។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែតុលា ថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន៣៥នាក់ ដឹកនាំដោយលោក ចូន អូសសូហ្វ (Jon Ossoff) បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ បានបញ្ជាក់ ថា «យើងសូមជំរុញឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស សម្រាប់សិទ្ធិនាំចូលជំនួយមនុស្សធម៌ រួមទាំង ការផ្គត់ផ្គង់ទឹក និង ថ្នាំពេទ្យ ដើម្បីជួយសង្គ្រោះដល់អាយុជីវិតរបស់ជនស៊ីវិល នៅតំបន់ហ្កាហ្សា»។

ដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល ជាទូទៅមានភាពរឹងមាំ នៅក្នុងសភា និង សមាជិកព្រឹទ្ធសភាអាមេរិក ទើបធ្វើសកម្មភាពយឺតយ៉ាវ នៅក្នុងការថ្លឹងថ្លែង ទៅលើវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើង នៅតំបន់ហ្កាហ្សា។ ប៉ុន្ដែនៅព្រឹកថ្ងៃនេះ អង្គជំនុំជម្រះ បានអនុម័តជាឯកច្ឆន្ទ លើដំណោះស្រាយមួយ ដោយនិយាយថា ប្រទេសនេះ ឈរនៅជាមួយអ៊ីស្រាអែល។
បើទោះជាយ៉ាងណា សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិក បានរិះគន់កាន់តែខ្លាំង ឡើង ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក។ ស្របគ្នានេះដែរ សមាជិកសភា ចំនួន៥៥នាក់ កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវតែដាក់សម្ពាធទៅលើអ៊ីស្រាអែល ឱ្យអនុវត្តតាមច្បាប់អន្តរជាតិ។ ប៉ុន្ដែចាប់តាំងពីថ្ងៃអង្គារ ទី១៧ ខែតុលា រហូតមក សមាជិកសភា មានចំនួនកាន់តែច្រើនឡើង បានដាក់ចេញនូវដំណោះស្រាយមួយ ដោយបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និង ហាម៉ាស់៕ រក្សាសិទ្ធដោយ ៖ សារាយSN

















