រដ្ឋធានីវ៉ាស៊ីតោន៖ ក្រោយពេលរដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសអំពីការចាក់បញ្ចូលកញ្ចប់ថវិកា រហូតដល់១០០ពាន់លានដុល្លារ សម្រាប់ការផ្ដល់មូលនិធិ«ខ្សែក្រវាត់និងផ្លូវ»របស់ខ្លួន សម្រាប់ពង្រីកឥទ្ធិពល នៅលើពិភពលោកភ្លាម មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានបញ្ចេញរបាយការណ៍ភ្លែត អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន កំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភ។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែតុលា ថា មន្ទីរបញ្ចកោណ បានបញ្ជាក់លម្អិត នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) ថា ចិន បានបង្កើនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រតិបត្ដិការ មានរហូតដល់ជាង៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតជាង ១ ០០០គ្រាប់ នៅក្នុងឆ្នាំ២០៣០។

បើទោះជាយ៉ាងណា ការកើនឡើង នៃអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏នៅតែមានចំនួនអាវុធមហាប្រល័យលោក តិចជាងរុស្ស៊ី និង សហរដ្ឋអាមេរិក ដដែល។
បើតាមប្រភពព័ត៌មានជាច្រើន បានអះអាង ថា សហរដ្ឋអាមេរិក មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប្រហែល ៣ ៧០០គ្រាប់ ហើយក្នុងចំណោមអាវុធដ៏គ្រោះបំផុតទាំងនោះ មានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ប្រហែល ១ ៤១៩គ្រាប់ ត្រូវបានដាក់ពង្រាយរួចរាល់ហើយ។ រីឯរុស្ស៊ី មានអាវុធនុយក្លេអ៊ែរ ប្រហែល ១ ៥៥០ដើម ត្រូវបានដាក់ពង្រាយ។ ប៉ុន្ដែបើតាមសហព័ន្ធន៍អ្នកវិទ្យាសាស្ត្រអាមេរិក បានឲ្យដឹង ថា ឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី មានចំនួន ៤ ៤៨៩ គ្រាប់។

មន្ទីរបញ្ចកោណ បានបញ្ជាក់ នៅក្នុងរបាយការណ៍ដ៏ទូលំទូលាយរបស់ខ្លួន ថា ក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ៥០០គ្រាប់របស់ចិន គឺគិតត្រឹម ខែឧសភា ឆ្នាំ២០២៣ ហើយការពិតអាចនឹងមានលើសពីការព្យាករ។ នៅក្នុងរបាយការណ៍កាលពីមុន មន្ទីរបញ្ចកោណ បានប៉ាន់ប្រមាណ ថា រដ្ឋាភិបាលក្រុងប៉េកាំង មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការ ច្រើនជាង៤០០គ្រាប់ នៅឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់យោធាមួយរូបរបស់សហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ថា «យើងមើលឃើញ ថា សាធារណរដ្ឋប្រជាមានិតចិន បន្តធ្វើយោធូបនីកម្មយ៉ាងឆាប់រហ័ស ធ្វើពិពិធកម្ម និង ពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ អ្វីដែលពួកគេកំពុងតែធ្វើ នាពេលនេះ ប្រសិនបើអ្នកប្រៀបធៀបចិនទៅនឹងអ្វីដែលពួកគេ កំពុងតែធ្វើ កាលពី១ទសវត្សរ៍មុន វាពិតជាមានចំនួនច្រើន និង មានភាពស្មុគស្មាញខ្លាំង»។
របាយការណ៍របស់មន្ទីរបញ្ចកោណ បានបន្ថែម ថា កងទ័ពជើងទឹករបស់ចិន មាននាវាចម្បាំង និង នាវាមុជទឹក ជាង ៣៧០គ្រឿង ខណៈកាលពីឆ្នាំមុន មានត្រឹមតែ ចំនួន៣៤០គ្រឿងប៉ុណ្ណោះ។ ការពង្រីកកម្លាំងទ័ពជើងទឹក ក្លាយជាចំណុចសំខាន់ សម្រាប់ការកាន់អំណាចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ដើម្បីធ្វើឱ្យប្រទេសចិន ក្លាយជាមហាអំណាចយោធាដ៏លេចធ្លោ នៅក្នុងតំបន់ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង មានកងទ័ពជើងទឹកដ៏ធំបំផុត នៅលើពិភពលោករួចមកហើយ។

ជាមួយគ្នាននេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា រដ្ឋាភិបាលចិន នឹងដាក់បញ្ចូលថវិកាបន្ថែម ចំនួន ១០០ពាន់លានដុល្លារអាមេរិក ទៅក្នុងមូលនិធិរបស់ចិន «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។
ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែកញ្ញា បានចេញនូវផែនការមួយ ជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូដ៏សំខាន់បំផុត សម្រាប់ជំនួសផែនការរបស់ចិន និង ការវិនិយោគ នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាពិសេស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ស្របគ្នានេះដែរ ក្រុមមន្ត្រីជាច្រើន បានអះអាង ថា កិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងអាចកាត់បន្ថយពេលវេលាដឹកជញ្ជូន ការចំណាយលើថ្លៃដើម ការប្រើប្រាស់ប្រេងឥន្ធនៈ និង ធ្វើឱ្យពាណិជ្ជកម្ម កាន់តែលឿន ហើយមានតម្លៃថោក។
បណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានបង្កើតច្រករបៀងបៃតង តភ្ជាប់ពីតំបន់អាស៊ី ទៅកាន់ទ្វីបអឺរ៉ុប។ គម្រោងនេះ ក៏មានគោលបំណង ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការអភិវឌ្ឍថាមពលស្អាត ពង្រីកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្ទេរទិន្នន័យតាមខ្សែកាប្ល៍អុបទិក ពង្រឹងពាណិជ្ជកម្ម និង បង្កើននូវការឆ្លងកាត់ទំនិញ ដោយការភ្ជាប់តាមផ្លូវរថភ្លើង និង កំពង់ផែ។ បើតាមផែនការនេះ នឹងតភ្ជាប់ពីបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា តាមផ្លូវដែក និង តភ្ជាប់មកកាន់ប្រទេសឥណ្ឌា តាមរយៈកំពង់ផែ។ ផែនការកំពង់ផែចម្រុះជាតិសាសន៍ និង កិច្ចព្រមព្រៀងផ្លូវដែក នឹងឈានមកដល់ នៅក្នុងពេលវេលាដ៏សំខាន់ណាមួយ នាពេលខាងមុខ។ គម្រោងនេះ ធ្វើឡើង សម្រាប់ទប់ទល់នឹងការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្រោមគោលនយោបាយ«ខ្សែក្រវាត់និងផ្លូវ»របស់លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN


















