រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្ដហោះចំនួន២គ្រឿង និង កងនាវាចម្បាំងជាច្រើនទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារដល់សម្ពន្ធមិត្ត និង ទប់ស្កាត់នូវការរីករាលដាល នៃសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ពីនាវាពិឃាដរបស់ប្រទេសមហាអំណាចកំពូលមួយនេះ បានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់របស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiay News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែតុលា ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណ បានអះអាង ថា នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់មីស៊ីល និង យន្ដហោះដ្រូនជាច្រើនគ្រឿង បាញ់ដោយក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន នៅក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា)។

លោកឧត្ដមសេនីយ៍ ផេត រ៉ៃដឺរ (Pat Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានថ្លែងទៅកាន់ក្រុមសារព័ត៌មាន ថា នាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានបាញ់ស្ទាក់មីស៊ីលគ្រូស ចំនួន៣គ្រាប់ និង យន្ដហោះដ្រូនជាច្រើនគ្រឿង នៅសមុទ្រក្រហម។ ការវាយប្រហារនេះ បានបង្កឡើង ដោយក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន។ សកម្មភាពយោធារបស់ពួកឧទ្ទាម ទំនងជាមានគោលដៅ តម្រង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ ថា «នៅក្នុងហេតុការណ៍នោះ មិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសនោះឡើយ។ រីឯមីស៊ីលរបស់ហ៊ូធីទាំងនោះ ត្រូវបានស្ទាក់បំផ្លាញធ្លាក់ចូលទៅក្នុងសមុទ្រ។ យើងមិនអាចបញ្ជាក់ឱ្យកាន់តែច្បាស់ ថា តើមីស៊ីលទាំងនេះ មានគោលដៅវាយប្រហារលើតំបន់ណានោះទេ ប៉ុន្តែវាបានបាញ់ចេញ មកពីប្រទេសយេមែន ឆ្ពោះទៅកាន់ភាគខាងជើង តាមបណ្ដោយសមុទ្រក្រហម»។
រហូតមកដល់ពេលនេះ នាវាពិឃាដ USS Carney កំពុងតែធ្វើប្រតិបត្តិការល្បាត នៅក្នុងតំបន់សមុទ្រក្រហម។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក នាពេលនេះ ជាពង្រឹងវត្តមានយោធាអាមេរិក តាមបទបញ្ជារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីទប់ស្កាត់ កុំឱ្យសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស រាលដាលកាន់តែធំ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕



















