រដ្ឋធានីបាដាដ៖ ក្រោយពេលកងនាវាផ្ទុកយន្ដហោះចម្បាំង និង កងនាវាពិឃាដរបស់សហរដ្ឋអាមេរិក បានទៅដាក់ពង្រាយ នៅតំបន់ភាគខាងកើត នៃសមុទ្រមេឌីទែររ៉ាណេ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ បានគំរាមដល់សហរដ្ឋអាមេរិ ត្រូវតែដកកងទ័ពរបស់ខ្លួន ចេញពីតំបន់មជ្ឈិមបូព៌ា និង មិនឲ្យចូលខ្លួនពាក់ព័ន្ធនឹងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងហាម៉ាស់។

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានរាយការណ៍ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២១ ខែតុលា ថា ក្រុមជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានព្រមានវាយប្រហារ ទៅលើកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីរបស់អ៊ីរ៉ាក់ ត្រូវតែចាកចេញពីប្រទេសនេះ ជាបន្ទាន់។ រីឯមូលដ្ឋានកងទ័ពនានារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏នឹងស្ថិតក្រោមការវាយប្រហារ ផងដែរ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចូលជួយដល់អ៊ីស្រាអែល ធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមហាម៉ាស់។
កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ។ក្រុមចលនាតស៊ូអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលក្រុមអ្នកវិភាគពណ៌នា ថា ជាបណ្តាញក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ បានអះអាង អំពីការទទួលខុសត្រូវជាច្រើន ពាក់ព័ន្ធនឹងការវាយប្រហារនានា។

ក្រុមជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាង ថា ការវាយប្រហារ និង ការដាក់ឱសានវាទរបស់ពួកគេ សម្រាប់កងទ័ពសហរដ្ឋអាមេរិក ត្រូវតែចាកចេញ ពីប្រទេសអ៊ីរ៉ាក់។ សកម្មភាពទាំងនេះ ជាការសងសឹក ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជួយគាំទ្រដល់ប្រទេសអ៊ីស្រាអែល ក៏ដូចជា ការព្រមានដល់សហរដ្ឋអាមេរិក មិនឱ្យចូលរួមអន្តរាគមន៍ នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។
ក្រុមជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ការព្រមានទាំងនេះ គ្រាន់តែជាសាររំឭកដល់កងទ័ពសហរដ្ឋអាមេរិក ជាមុនតែប៉ុណ្ណោះ ហើយការងារធ្ងន់ធ្ងរ នៅមិនទាន់ចាប់ផ្តើមនៅឡើយ។ ប៉ុន្ដែប្រសិនបើអ៊ីស្រាអែល បើកការឈ្លានពាន ទៅលើទឹកដីហ្កាហ្សា ពួកគេនឹងវាយប្រហារភ្លាម»៕ រក្សាសិទ្ធដោយ ៖ សារាយSN













