Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ សម្លាប់មនុស្សជិត៣៥០នាក់ ត្រឹមតែរយៈពេល២៤ម៉ោង

រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាម រវាងអ៊ីស្រាអែល-ហាម៉ាស់ អស់រយៈពេល១៤ថ្ងៃកន្លងមកនេះ កំពុងតែបង្កឲ្យមានវិបត្ដិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្ស ជាង ៣៤០នាក់ ត្រឹមរយៈពេល២៤ម៉ោង ហើយធ្វើឲ្យចំនួនមនុស្សស្លាប់ កើនឡើងរាប់ពាន់នាក់ និង រាប់ម៉ឺននាក់រងរបួស ហើយជាង ១,៤លាននាក់ ត្រូវបម្លាស់ទីលំនៅ ស្របពេលអ៊ីស្រាអែល វាយប្រហារសងសឹក ទៅលើតំបន់ហ្កាហ្សា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២១ ខែតុលា ថា បើតាមអង្គការសហប្រជាជាតិ បានរាយការណ៍ ថា សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា (Gaza) បានឈានដល់ថ្ងៃទី១៤ ខណៈមនុស្ស ចំនួន៣៤២នាក់ ត្រូវបានសម្លាប់ កាលពី២៤ម៉ោងមុន។ ជាមួយនឹងការសម្លាប់ថ្មីនេះ ធ្វើឲ្យតួលេខ នៃជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ កើនឡើង ដល់ ៤ ១៣៧នាក់ ហើយចំនួន៧០ភាគរយ ជាកុមារ និង ស្រ្ដី។

ដោយឡែក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) ថា ការវាយប្រហាររបស់ហាម៉ាស់ មកលើអ៊ីស្រាអែល មានគោលបំណង រារាំងដល់ការពង្រីកសន្ដិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមគ្នានេះដែរ លោក ណេតាន់យ៉ាហ៊ូ ក៏បានអំពាវនាវ ដល់នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ត្រូវតែបន្ដគាំទ្រដល់ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ ថា ការវាយប្រហារ ចេញពីតំបន់ហ្កាហ្សា បង្កឡើង ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន បានសម្លាប់ជនជាតិអ៊ីស្រាអែល ចំនួន ១ ៤០០នាក់។ សកម្មភាពដ៏ឃោរឃៅរបស់ហាម៉ាស់ មានគោលបំណងបន្ទុចបង្អាក់ ដល់ការប៉ុនប៉ងបង្កើតសន្តិភាព កាន់តែទូលំទូលាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

បើតាមការធ្វើបច្ចុប្បន្នភាពរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ១ ០០០នាក់ ត្រូវបានគេរាយការណ៍ ថា កំពុងតែបាត់ខ្លួន ហើយត្រូវគេសន្មតថា ស្ថិតនៅក្រោមគំនរបាក់បែក នៃអគារ ដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារតាមអាកាស និង កាំភ្លើងផ្លោងរបស់អ៊ីស្រាអែល។ ដោយឡែក មនុស្ស ប្រហែល ១,៤លាននាក់ ត្រូវបានបម្លា់ទីលំនៅ នៅខាងក្នុងតំបន់ហ្កាហ្សា។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ ថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់លំនៅឋានទាំងអស់ ប្រហែល៣០ភាគរយ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) ត្រូវបានបំផ្លាញ ឬ ខូចខាត នៅក្នុងការវាយប្រហារ ពីអ៊ីស្រាអែល។ នេះបើយោងតាមក្រសួងលំនៅឋាន នៅក្នុងតំបន់ហ្កាហ្សា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×