រាជាធានីបាងកក៖ រដ្ឋាភិបាលថៃ បានប្តេជ្ញាអនុញ្ញាតឲ្យកសិករ ប្រែក្លាយឯកសារ Sor Por Kor 4-01 របស់ពួកគេ ក្លាយជាប័ណ្ណកម្មសិទ្ធិ នៅលើផ្ទៃដី ជាង២២លានរ៉ៃ ឬស្មើនឹង ប្រហែល ៣ ៥២០ ០០០ហិកតា នៅដើមឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២៣។
លោក ថាម៉ាណាត ប្រូមផៅ (Thamanat Prompow) រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង សហករណ៍ ដែលបានធ្វើជាប្រធាន នៃកិច្ចប្រជុំ បានបញ្ជាក់ ថា ប័ណ្ណកម្មសិទ្ធិដីធ្លីលើកទី១ នឹងត្រូវផ្តល់ជាអំណោយ នៅក្នុងឆ្នាំថ្មី ជូនដល់កសិករថៃ នៅត្រឹម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ រីឯការិយាល័យកំណែទម្រង់ដីកសិកម្មខេត្ត ក៏ត្រូវបានគេរំពឹង ថា នឹងចេញប័ណ្ណកម្មសិទ្ធិ ជូនដល់កសិករទាំងអស់ នៅក្នុងខេត្តទាំង៧០ នៅក្នុងរយៈពេលមួយឆ្នាំ។

ការធ្វើបច្ចុប្បន្នភាព ទៅលើឯកសារ Sor Por Kor ទៅជាប័ណ្ណកម្មសិទ្ធិ ត្រូវអនុវត្តតាមច្បាប់ផ្សេងៗ រួមមាន ច្បាប់កំណែទម្រង់ដីកសិកម្ម ឆ្នាំ១៩៧៥, បទប្បញ្ញត្តិរបស់ ALRC ស្តីពីការបែងចែកដី សម្រាប់កសិករ, ការផ្ទេរដី, ការគ្រប់គ្រងទ្រព្យសម្បត្តិ, និង បំណុលរបស់កសិករ, បទប្បញ្ញត្តិស្តីពីការប្រើប្រាស់ដី និង បទប្បញ្ញត្តិស្តីពីកសិករ ដែលកំពុងតែស្វែងរកប្រាក់កម្ចីពីមូលនិធិកំណែទម្រង់ដីកសិកម្ម។
លោក ថាម៉ាណាត ប្រូមផៅ រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង សហករណ៍ បានបន្ដ ថា «ប្រសិនបើឯកសារ Sor Por Kor 4-01 របស់ពួកគេ ត្រូវបានបំប្លែងទៅជាប័ណ្ណកម្មសិទ្ធិ ហើយអ្នកកាន់កាប់មិនធ្វើកសិកម្មទេនោះ ARLO នឹងត្រូវពិនិត្យមើលបញ្ហានេះម្តងទៀត»។
ម្ចាស់ដី សរុប ១ ៦២៨ ៥២០នាក់ នឹងត្រូវបានអនុញ្ញាតឱ្យប្រែក្លាយឯកសារ Sor Por Kor 4-01 ទៅជាប័ណ្ណកម្មសិទ្ធិ ដែលគ្របដណ្តប់លើផ្ទៃដី ជាង ២២លានរ៉ៃ៕ រក្សាសិទ្ធដោយ ៖ សារាយSN








