រដ្ឋធានីគៀរ៖ ប្រេសិតរបស់ប្រទេសចិន ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានអះអាង អំពីការប្រើប្រាស់កម្លាំងយោធា នឹងមិនមែនជាមធ្យោបាយ សម្រាប់ដោះស្រាយជម្លោះ រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ក្រោយការផ្ទុះសង្គ្រាម ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមក ហើយជម្លោះនេះ បានសម្លាប់ជនជាតិអ៊ីស្រាអែល យ៉ាងតិច ១៤០០នាក់ និង បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៤ ៥០០នាក់។
បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់ ប្រភពពីក្រសួងការបរទេសចិន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) ថា ក្រុងប៉េកាំង ជឿ ថា «ការប្រើប្រាស់កម្លាំង មិនមែនជាមធ្យោបាយដោះស្រាយ» ចំពោះជម្លោះអ៊ីស្រាអែល និង ប៉ាឡេស្ទីន នោះឡើយ។ ចិនសូមអំពាវនាវជាថ្មី ជំរុញឱ្យមានបទឈប់បាញ់ ជាបន្ទាន់។

ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ (ទី២១ ខែតុលា) បានរៀបចំនូវកិច្ចប្រជុំកំពូលមួយ សម្រាប់សន្តិភាព ខណៈអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) ក៏បានអំពាវនាវឱ្យមានសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់នូវគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចនេះ ក្រោយពេលសង្រ្គាម បានផ្ទុះឡើង អស់រយៈពេលពីរសប្តាហ៍ រវាងអ៊ីស្រាអែលនិង ចលនាអ៊ីស្លាមហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន។
លោក ហ្សាយ ជុន (Zhai Jun) បេសកជនរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានជួបលោក អាមេដ អាប៊ូល ហ្គេត (Ahmed Aboul Gheit) ប្រធានសម្ព័ន្ធអារ៉ាប់ នៅក្រៅកិច្ចប្រជុំកំពូលនេះ។ ចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និង បញ្ចប់នូវការប្រយុទ្ធគ្នាឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។

លោកប្រេសិតចិន រូបនេះ បានបញ្ជាក់ ថា បើតាមសេចក្តីថ្លែងការណ៍ ដោយមិនបាននិយាយសម្ដៅទៅលើអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ថា ចិនជឿ ថា ការប្រើប្រាស់កម្លាំង មិនមែនជាមធ្យោបាយ សម្រាប់ដោះស្រាយបញ្ហានេះឡើយ ហើយថា ការឆ្លើយតបទៅនឹងអំពើហិង្សាដោយហិង្សា នឹងនាំមកនូវការសងសឹកដ៏ឃោរឃៅបំផុត។
ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានចេញពីតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ សកម្មភាពដ៏ឃោរឃៅរបស់ហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែល យ៉ាងហោចណាស់ ចំនួន ១ ៤០០នាក់ ហើយភាគច្រើនជាជនស៊ីវិល។ នេះបើតាមការអះអាងពីក្រុមមន្រ្ដីរបស់អ៊ីស្រាអែល។
ដោយឡែក ក្រសួងសុខាភិបាល គ្រប់គ្រង ដោយហាម៉ាស់ ហ្កាហ្សា ក៏បានអះអាង ថា យុទ្ធនាការទម្លាក់គ្រាប់បែកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៤ ៦០០នាក់ ហើយភាគច្រើន ជាជនស៊ីវិល៕ រក្សាសិទ្ធដោយ ៖ សារាយSN




