រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងភាពតានតឹង កាន់តែកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ានោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាស កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ថា សហរដ្ឋអាមេរិក បានបញ្ជាឱ្យបុគ្គលិកមិនមែនជាផ្នែកសង្គ្រោះបន្ទាន់ ចាកចេញពីស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែតុលា ដោយដកស្រង់ប្រភព ពីមន្រ្ដីជាន់ខ្ពស់អាមេរិក ចំនួន២នាក់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន បានព្រមានដល់អ៊ីរ៉ង់ ឬសម្ពន្ធមិត្តរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ប្រឆាំងនឹងការបង្កើនជម្លោះណាមួយ ពាក់ព័្ធនឹងសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយនឹងក្រុមចលនាហាម៉ាស់។ ការព្រមានបែបនេះ បានកើតឡើង ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលមន្ទីរបញ្ចកោណ បានបង្កើនសកម្មភាព ដាក់កងទ័ពឲ្យត្រៀមខ្លួនរួចជាសម្រេច នៅក្នុងតំបន់។

លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង នៅតាមទូរទស្សន៍ CBS News ថា «យើងមានការព្រួយបារម្ភ ចំពោះលទ្ធភាព នៃប្រូកស៊ីអ៊ីរ៉ង់ បង្កើនការវាយប្រហាររបស់ពួកគេ ប្រឆាំងនឹងបុគ្គលិករបស់យើង ប្រជាជនរបស់យើង ហើយយើងរំពឹង ថា នឹងមានការកើនឡើង នៃជម្លោះនេះ។ ប៉ុន្ដែគ្មាននរណាម្នាក់ គួរទាញយកផលប្រយោជន៍ ពីពេលនេះ ដើម្បីពង្រីកការវាយប្រហារបន្ថែមទៀត ទៅលើអ៊ីស្រាអែល ឬបង្កបញ្ហានានា វាយប្រហារមកលើបុគ្គលិករបស់យើងនោះឡើយ»។
លោករដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក បានបញ្ជូនកងនាវាផ្ទុកយន្ដហោះ ចំនួនពីរគ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត សម្រាប់ការចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រាកដ ថា យើងអាចការពារសម្ពន្ធមិត្តរបស់យើង។ ប្រសិនបើចាំបាច់ សហរដ្ឋអាមេរិក នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត។

ការអត្ថាធិប្បាយរបស់ប្រមុខការទូត សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) បានព្រមាន អំពីការរំពឹងទុក នៃការកើនឡើង នៃការវាយប្រហារ មកលើកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិបូព៌ា។ សកម្មភាពទាំងនេះ បានកើតឡើង ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង អំពីក្រុមសកម្មប្រយុទ្ធ Hezbollah គាំទ្រអ៊ីរ៉ង់ នៅភាគខាងត្បូង ប្រទេសលីបង់ ឬ ក្រុមផ្សេងទៀត គាំទ្រដោយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ (Tehran) អាចទាញយកផលប្រយោជន៍ អំពីស្ថានការណ៍តានតឹង នៅតំបន់ហ្កាហ្សា ដើម្បីពង្រីកជម្លោះ និង ពង្រីកយោធារបស់អ៊ីស្រាអែល បន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN






