ទីក្រុងតែលអាវីវ (Tel Aviv)៖ ប្រធានាធិបតីបារាំង បានទៅដល់ទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល ដូចអ្វីដែលបណ្ដាមេដឹកនាំបស្ចិមលោកផ្សេងៗទៀត រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក… ជាដើម បានទៅជាន់ទឹកដីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដើម្បីបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ ជាមួយនឹងសម្ពន្ធមិត្ត នៅក្នុងតំបន់នេះ ហើយរារាំងដល់ប្រទេសផ្សេងៗទៀត ចូលមកពាក់ព័ន្ធនៅក្នុងសង្គ្រាមនេះ។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែតុលា ថា លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានទៅដល់ទីក្រុងតែលអាវីវ កាលពីព្រឹក ថ្ងៃអង្គារ ដើម្បីបង្ហាញ អំពីសាមគ្គីភាពដ៏រឹងមាំរបស់ខ្លួន ជាមួយនឹងអ៊ីស្រាអែល។ មេដឹកនាំបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក បានទៅដល់ប្រទេសអ៊ីស្រាអែល ក៏ជាសារយ៉ាងម៉ឺងម៉ាត់មួយ គំរាមដល់ប្រទេសអារ៉ាប់ ជាពិសេស អ៊ីរ៉ង់ ត្រូវនៅឲ្យឆ្ងាយ ពីជម្លោះនេះ។

លោកប្រធានាធិបតីបារាំង ត្រូវគេរំពឹងថា នឹងអំពាវនាវឱ្យមានការរក្សា ចំនួនប្រជាជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែល កំពុងតែបន្ដទម្លាក់គ្រាប់បែក ឥតឈប់ឈរ ទៅលើតំបន់ប៉ាឡេស្ទីន ហើយកំពុងតែរៀបចំវាយលុកតាមផ្លូវគោក ក្រោយពេលពួកហាម៉ាស់ប៉ាឡេស្ទីន បានឆ្មក់វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង បានកើតឡើត ត្រឹមតែរយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីមន្រ្តីអ៊ីស្រាអែល បានអះអាង ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានវាយប្រហារសម្រុក ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ចូលមកលើទឹកដីរបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១ ៤០០នាក់ រួមទាំងពលរដ្ឋបារាំង ចំនួន៣០នាក់ផងដែរ។
ដោយឡែក ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ជាង ៥ 000 នាក់ ហើយនៅក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនជាស្ត្រី និងកុមារ៕ រក្សាសិទ្ធដោយ ៖ សារាយSN











