Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខអង្គការសហប្រជាជាតិ ចោទប្រកាន់ពីការរំលោភច្បាប់នៅហ្កាហ្សា ធ្វើឲ្យអ៊ីស្រាអែលផ្ទុះកំហឹង

ទីក្រុងញូវយ៉ូក៖ ប្រមុខអង្គការសហប្រជាជាតិ បានចោទប្រកាន់ អំពីការរំលោភច្បាប់ នៅតំបន់ហ្កាហ្សា ស្របពេលមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមក រវាងអ៊ីស្រាអែល-ហាម៉ាស់ ដោយបានសម្លាប់មនុស្ស អស់រាប់ពាន់នាក់ និង រងរបួសជាង២ម៉ឺននាក់ ហើយការចោទប្រកាន់របស់ប្រធានអង្គការកំពូលរបស់ពិភពលោករូបនេះ បានធ្វើឲ្យអ៊ីស្រាអែល ខឹងសម្បាយ៉ាងខ្លាំង។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (ទី២៤ ខែតុលា) បានចោទប្រកាន់ ពីការរំលោភបំពាន មកលើច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា ហើយជំរុញឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ខណៈអ៊ីស្រាអែល បង្កើនការវាយលុកទៅលើទឹកដីរបស់ប៉ាឡេស្ទីន ជាការសងសឹក ទៅនឹងការវាយប្រហារ នៃក្រុមចលនាអ៊ិស្លាមហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន ជាមួយនឹងវិបត្តិបែកបាក់កាន់តែខ្លាំង នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

អ៊ីស្រាអែល បានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិ នៅមុនសម័យប្រជុំកំពូល នៃក្រុមប្រឹក្សាសន្តិសុខ ខណៈរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលគាត់បានពិពណ៌នា ថា ជាអសកម្ម នៅក្នុងការដោះស្រាយជម្លោះ ដែលបានសម្លាប់ភាគីទាំងសងខាង អស់រាប់ពាន់នាក់ ហើយជនរងគ្រោះទាំងនោះ ភាគច្រើន ជាជនស៊ីវិល។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែង នៅក្នុងការបើកសម័យប្រជុំកំពូលនោះ ថា «វាមិនមែនលេស សម្រាប់អំពើហិង្សាដ៏គួរឱ្យរន្ធត់ ត្រូវបានបង្កដោយពួកសកម្មប្រយុទ្ធហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា នោះទេ ប៉ុន្តែគាត់ក៏បានព្រមានប្រឆាំងនឹងការដាក់ទណ្ឌកម្មរួម មកលើប៉ាឡេស្ទីន។

លោកប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ដោយមិនបញ្ចេញឈ្មោះឲ្យចំ ថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភយ៉ាងច្បាស់ មកលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងកំពុងធ្វើជាសាក្សី នៅតំបន់ហ្កាហ្សា។ ប៉ាឡេស្ទីន បានរងនូវរំលោភកាន់កាប់ អស់រយៈពេល៥៦ឆ្នាំមកហើយ ដោយគាត់បានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខ ថា វាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការទទួលស្គាល់នូវការវាយប្រហារ ដោយក្រុមហាម៉ាស់។

ដោយឡែក លោក អេលី ចូហែន (Eli Cohen) រដ្ឋមន្រ្ដី ក្រសួងការបរទេសអ៊ីស្រាអែល បានបរិហារ ដល់ការលើកឡើងរបស់ប្រធានអង្គការសហប្រជាជាតិ ជុំវិញការរិះគន់របស់គាត់ មកលើគោលនយោបាយសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ចូលទៅលើទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០៥នាក់ និង របួស ចំនួន ៥ ៤៣១នាក់ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល ក៏បានប្រកាសសង្គ្រាម វាយប្រហារសងសឹកវិញ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ចំនួន ៥ ៧៩១នាក់ និង របួស ចំនួន ១៦ ២៩៧នាក់ ហើយនៅតំបន់គ្រប់គ្រង West Bank មានជនជាតិប៉ាឡេស្ទីន ចំនួន ៩៦នាក់ ត្រូវបានគេសម្លាប់ និង ១ ៨២៨២នាក់ផ្សងទៀតរងរបួស ខណៈអ៊ីស្រាអែលកំពុងតែបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំង៕រក្សាសិទ្ធដោយ ៖ សារាយSN

×