ភ្នំពេញ ៖ ក្នុងបរិបទនៃដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ នាដំណាក់កាលចុងក្រោយនេះ កំពុងបានឆ្លើយតបយ៉ាងសក្តិសម ទៅនឹងតម្រូវការជាក់ស្តែងនៃ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងដ៏ស៊ីវិល័យមួយនេះ ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអនុ វត្តដោយផ្ទាល់ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបានធ្វើឪ្យិរាជធានីភ្នំពេញប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមម្លប់នៃសន្តិភាពក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមឃួង ស្រេង ធ្លាប់មានប្រសាសន៍ថា៖ ទោះបីយើង សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន លើហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់. អាគារសំណង់ធំៗ, ការគ្រប់គ្រងផ្នែកនគររូបនីយកម្ម ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍន៍រាជធានីភ្នំពេញភ្នំពេញ យ៉ាងឆាប់រហ័ស ដូចសព្វថ្ងៃនេះ រាជធានីភ្នំពេញក៏បានប្រឈមមុខនឹងបញ្ហាមួយចំនួនដែលត្រូវ ដោះស្រាយចំពោះមុខគឺ កំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ, បញ្ហាបរិស្ថាន ជាពិសេសគឺកំណើនយានយន្តបណ្តាលឲ្យកកស្ទះចរាចរ ស្ទើរតែរាល់ម៉ោង។ ឆ្លើយតបទៅនឹងការកកស្ទះចរាចរនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីអាណត្តិទី៧នេះ រួមជាមួយវិស័យឯកជន បានសម្រេចសាងសង់ស្ពានបេតុង ខ្សែកាបឆ្លងទន្លេ ពីកោះពេជ្រ ទៅកោះនរា បានរួចរាល់ជាស្ថាពរនឹងបានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីព្រលប់ថ្ងៃទី២៣ តុលាឆ្នាំ២០២៣នេះតទៅ។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប៨២៤ម៉ែត្រ ទទឹង២៤.៥ម៉ែត្រ។ បណ្តោយស្ពានបេតុងអាមេប្រវែង៤៨៣ម៉ែត្រ តភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែង៩២ម៉ែត្រ ជាស្ពាន់ចរាចរទ្វេរទិសមានគន្លងធ្វើចរាចរ សម្រាប់រថយន្ត២គន្លងទៅ ២គន្លងមកនិងមានគន្លងសម្រាប់ទោចក្រយានយន្តមួយគន្លងទៅមួយគន្លងមក ដែលចំណាយថវិកាសាងសង់ចំនួន៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនOCIC។
ស្ពានបេតុង ខ្សែកាបកោះពេជ្រ.កោះនរា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរ ដ៏ចង្អៀតណែនរៀងរាល់ថ្ងៃ នៅលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្ពានអាកាសក្បាល់ថ្នល់ មកដល់ស្តុបក្រសួងកសិកម្ម ក៏ដូចរួមចំណែកកាត់បន្ថយការកកស្ទះចរាចរ នៅលើកំណាត់ផ្លូវជាតិលេខ១ ដោយបានបង្វែរ លំហូរចរាចរមួយផ្នែកធំកុំឲ្យចង្អៀតលើស្ពានក្បាលថ្នល់។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់មហាវិថីព្រះនរោត្តម និងបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប កោះពេជ្រ.កោះនរា សុទ្ធតែបានបង្ហាញពីទឹកចិត្តរីករាយ ដែលបានឆ្លងផុតស្ថានភាពកកស្ទះចរាចរ ដូចពេលកន្លងមក ក្រោយពីមានស្ពានឆ្លងកោះពេជ្រ.កោះនរា និងលែងលំ បាកឆ្លងសាឡាងទៀតហើយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដែរថា៖ ទោះបីយើងបានកសាងនូវសមិទ្ធផលច្រើន រាប់មិនអស់ក្នុងរាជធានីភ្នំពេញ រួចមកហើយក្តី តែយើងមិនបានស្កប់ស្កល់ នឹងសមិទ្ធិផលត្រឹមនេះទេ គឺយើងនឹងខិតខំអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាបន្តបន្ទាប់ទៀតតាម គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














