Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីប៉ាឡេស្ទីន ទាមទារឲ្យបារាំងបញ្ឈប់សកម្មភាពវាយលុករបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា

រដ្ឋធានីជេរូសាឡឹម៖ ស្របពេលអ៊ីស្រាអែល បង្កើនការវាយប្រហារសងសឹកដ៏ខ្លាំងក្លា ពីកងទ័ពអ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរបំផុត និង បានសម្លាប់មនុស្ស រាប់ពាន់នាក់ ហើយភាគច្រើន ជាជនស៊ីវិលនោះ បណ្ដាមេដឹកនាំផ្សេងៗ នៅលើពិភពលោក ជាពិសេស ពិភពអារ៉ាប់ បានថ្កោលទោសយ៉ាងខ្លាំង ហើយឥឡូវនេះ ប្រធានាធិបតីប៉ាឡេស្ទីន បានជំរុញឲ្យមេដឹកនាំបារាំង លោក ម៉ាក្រុង ត្រូវតែបញ្ឈប់សកម្មភាពវាយរបស់អ៊ីស្រាអែល ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ថា លោក ម៉ះមូដ អាប់បាស (Mahmud Abbas) មេដឹកនាំប៉ាឡេស្ទីន  កាលពីថ្ងៃអង្គារ (ទី២៤ ខែតុលា)  បានទាមទារឲ្យលោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ជំរុញដល់សហគមន៍អន្ដរជាតិ ត្រូវតែបញ្ឈប់នូវការវាយលុករបស់អ៊ីស្រាអែល ព្រោះតែពួកគេបានវាយប្រហារយ៉ាងខ្លាំង មកលើតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip)។

លោក ម៉ះមូដ អាប់បាស ប្រធានាធិបតីប៉ាឡេស្ទីន បានបញ្ជាក់ ថា «យើងសូមជំរុញឲ្យលោកប្រធានាធិបតី ម៉ាក្រុង ត្រូវតែបញ្ចប់នូវការវាយប្រហាររបស់អ៊ីស្រាអែល។ សង្គ្រាមនេះ បានធ្វើឲ្យជនស៊ីវិល រាប់ពាន់នាក់បាត់បង់ជីវិត ទាំងនៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស់ និង នៅក្នុងប្រទេសអ៊ីស្រាអែល។ បន្ថែមពីលើនេះ មេដឹកនាំប៉ាឡេស្ទីន ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លា ដល់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយបានស្លាប់ជនស្លូតត្រង់យ៉ាងច្រើន នៅក្នុងតំបន់ហ្កាហ្សា»។

លោកប្រធានាធិបតី ម៉ាក្រុង បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុងតែលអាវីវ ថា «មិនមានអ្វីអាចផ្ដល់យុត្ដិធម៌ សម្រាប់ការឈឺចាប់របស់ជនស៊ីវិល នៅលើដែនដីរបស់ប៉ាឡេស្ទីន ចាប់តាំងពីការវាយប្រហារ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកលើទឹកដីរបស់អ៊ីស្រាអែល។ លោកប្រធានាធិបតី បារាំង បានការពារដល់សិទ្ធិរបស់អ៊ីស្រាអែល ត្រូវតែការពារខ្លួន ប្រឆាំងនឹងភេរវកម្មរបស់ហាម៉ាស់។

លោកប្រធានាធិបតី ម៉ាក្រុង ក្លាយជាមេដឹកនាំលោកខាងលិចដំបូងគេ បានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្ដាលរបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់គ្រប់គ្រង West Bank ចំពេលមានវិបត្ដិ នាពេលនេះ។ លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ ថា «វានឹងមិនមានសន្តិភាព ប្រកបដោយនិរន្តរភាពនោះទេ ប្រសិនបើគ្មានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងការមានទឹកដី និង រដ្ឋ។

លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់  ថា «នឹងមិនមានសន្តិភាព ប្រកបដោយនិរន្តរភាពនោះឡើយ ប្រសិនបើមិនមានការទទួលស្គាល់ច្បាស់លាស់ ពីប្រជាជនប៉ាឡេស្ទីន និង អាជ្ញាធររបស់ពួកគេ ចំពោះរដ្ឋអ៊ីស្រាអែល និង សារៈសំខាន់ នៃអត្ថិភាព និង សន្តិសុខរបស់ប៉ាឡេស្ទីន»។

អ៊ីស្រាអែល បានអះអាង ថា មនុស្ស ១ ៤០០នាក់ ត្រូវបានសម្លាប់ ខណៈខ្មាន់កាំភ្លើងក្រុមហាម៉ាស បានឆ្លងចូល វាយប្រហារ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សា បានបញ្ជាក់ ថា មនុស្ស ៥ ៧៩១នាក់ រួមទាំងកុមារ ជាង ២ 000នាក់ និងស្ត្រី ១ ៤០០នាក់ បានស្លាប់ នៅក្នុងការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអែល៕ រក្សាសិទ្ធដោយ ៖ សារាយSN

×