Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ប្រាប់ឲ្យអ៊ីស្រាអែល បញ្ឈប់ការបង្ហូរលើប៉ាឡេស្ទីន ចំពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ស្លាប់ទាហាន និងជនស៊ីវិល រាប់សែននាក់

រដ្ឋធានីមូស្គូ៖ ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ វាយលុកលុយ ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ធ្វើឲ្យរុស្ស៊ី កំពុងតែជាប់ផុង នៅក្នុងសង្គ្រាម ដោយបានបណ្ដាលឲ្យភាគីជម្លោះទាំងសងខាង បាត់បង់ជីវិត អស់រាប់សែននាក់ ហើយឥឡូវ លោក ពូទីន បានចេញមុខអះអាង អំពីការងារដ៏សំខាន់របស់ក្រុងមូស្គូ ត្រូវតែបញ្ឈប់នូវការបង្ហូរឈាម នៅតំបន់ហ្កាហ្សា។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ (ទី២៤ ខែតុលា) បានព្រមាន ថា សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមចលនាអ៊ិស្លាមហាម៉ាស់ អាចនឹងរីករាលដាលយ៉ាងខ្លាំង ហួសពីតំបន់មជ្ឈិមបូព៌ា។ ជម្លោះនេះ ជារឿងខុសឆ្គង ដែលស្ត្រីស្លូតត្រង់ កុមារ និង មនុស្សចាស់ នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ ទាំងអយុត្ដិធម៌។

លោកប្រធានាធិបតី ពូទីន  បានបញ្ជាក់ ថា «ការងាររបស់យើង ភារកិច្ចដ៏សំខាន់បំផុតរបស់យើង ត្រូវតែបញ្ឈប់នូវការបង្ហូរឈាម និង អំពើហិង្សា នៅតំបន់ហ្កាហ្សា។ សង្គ្រាមនេះ គឺអយុត្ដិធម៌បំផុត សម្រាប់ជនស្លូតត្រង់របស់ប៉ាឡេស្ទីន»។

រដ្ឋាភិបាលក្រុងមូស្គូ បានជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម ចាប់តាំងពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន  វាយសន្ធាប់ ចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សង្គ្រាមរបស់លោក ពូទីន បានបង្កនូវមហាវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន  ហើយភាគីទាំង២ គឺអ៊ុយក្រែន និង រុស្ស៊ី បានស្លាប់ មានចំនួនកើនឡើង រាប់សែននាក់ នៅក្នុងជម្លោះនេះ។

បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ ៥ ខែតុលា ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិប្រយុទ្ធ កើនឡើងដល់ ២៩៦ ៣១០នាក់។ ដោយឡែក អ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន ស្លាប់ និង របួសនោះឡើយ។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង ពីភាគីរបស់អ៊ុយក្រែន តែប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះទេ។

ជម្លោះ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានផ្ទុះឡើង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោយពេលក្រុមចលនាអ៊ិស្លាមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ចូលទៅលើទឹកដីរបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ចំនួន ១ ៤០៥នាក់ និង រងរបួស ចំនួន ៥ ៤៣១នាក់។ រីឯអ៊ីស្រាអែល ក៏បានប្រកាសសង្គ្រាម វាយប្រហារសងសឹកតបតវិញ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ចំនួន ៥ ៧៩១នាក់ និង របួស ចំនួន ១៦ ២៩៧នាក់ ខណៈនៅតំបន់គ្រប់គ្រង West Bank មានជនជាតិប៉ាឡេស្ទីន ចំនួន ៩៦នាក់ ត្រូវបានសម្លាប់ និង ១ ៨២៨២នាក់ផ្សងទៀតរងរបួស។ ប៉ុន្ដែឥឡូវនេះ អ៊ីស្រាអែល កំពុងតែបន្ដបង្កើនការវាយប្រហារ តាមអាកាសយ៉ាងខ្លាំង ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន និង បន្ដសម្លាប់មនុស្សបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×