រដ្ឋធានីកៀវ៖ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម អស់រយៈពេលជាង៦០០ថ្ងៃកន្លងមកនេះ បានបង្កឲ្យមានមនុស្សស្លាប់ អស់រាប់សែននាក់ ហើយឥឡូវនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែព្យាយាមវាយលុកទៅលើអ៊ុយក្រែន ដោយលែងខ្វល់ អំពីការខូចខាតដ៏ធ្ងន់ធ្ងរ កាលពីពេលកន្លងមកនេះ។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីមន្ត្រីអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ថា កងកម្លាំងរុស្ស៊ី លែងយកចិត្តទុកដាក់ លើការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងបរាជ័យរបស់ពួកគេ នាពេលកន្លងមក។ បច្ចុប្បន្ន រុស្ស៊ី កំពុងតែបន្តវាយលុកឆ្ពោះទៅកាន់ទីក្រុង Avdiivka (អេវឌីកា) នាភាគខាងកើត នៃប្រទេសអ៊ុយក្រែន។

កម្លាំងទាហានរុស្ស៊ី បានផ្តោតការវាយលុក ទៅលើតំបន់ Donetsk និង Luhansk នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការរងបរាជ័យ នៅក្នុងការវាយលុកលើកដំបូងរបស់ពួកគេ ដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ ក្រោយការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមក។

នៅក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ កម្លាំងទាហានរុស្ស៊ី បានព្យាយាមវាយលុកទៅលើទៅលើទីក្រុង Avdiivka ស្ថិតក្នុងតំបន់ Donetsk ហើយក៏ជាទីក្រុងមានរោងចក្រដ៏ធំរបស់អ៊ុយក្រែន។ ឥឡូវនេះ អ៊ុយក្រែន បានប្រមូលកម្លាំងដ៏ខ្លាំង សម្រាប់ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
លោក អូឡេកសាន់ដឺរ ស្ទីផុន (Oleksandr Shtupun) អ្នកនាំពាក្យ កងកម្លាំងភាគខាងត្បូងរបស់អ៊ុយក្រែន បានបញ្ជាក់ នៅតាមទូរទស្សន៍ជាតិ ថា៖ «សត្រូវកំពុងតែព្យាយាមវាយរុលទៅមុខ ក្រោយពេលកម្លាំងរបស់យើង បានវាយបកទៅលើពួកគេ»៕ រក្សាសិទ្ធដោយ ៖ សារាយSN


















