រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រមុខការទូតរបស់ចិន មានក្ដីសង្ឃឹម លើការស្ដារទំនាក់ទំនងឲ្យស្ថិរភាពឡើងវិញ ជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោយពេលមានតានតឹងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានអះអាង អំពីយន្ដហោះចម្បាំងរបស់ចិន ហោះវិះនឹងបុកយន្ដហោះទម្លាក់គ្រាប់បែករបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីមន្រ្ដីយោធារបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) ថា យន្ដហោះចម្បាំងមួយគ្រឿងរបស់ចិន បានហោះមកជិតបំផុត ប្រកបដោយគ្រោះថ្នាក់ វិះនឹងបុកជាមួយនឹងយន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់សហរដ្ឋអាមេរិក ប្រភេទ B-52 កាលពីដើមសប្ដាហ៍នេះ នៅលើលំហអាកាស នៃសមុទ្រចិនខាងត្បូង។ សកម្មភាពបែបនេះ ជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកជាឥរិយាបថ ប្រកបដោយគ្រោះថ្នាក់ បង្កឡើង ដោយយន្ដហោះយោធាចិន។
មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គា (ទី២៤ ខែតុលា) ថា យន្ដហោះចម្បាំងមួយគ្រឿងរបស់ចិន ប្រភេទ J-11 បានហោះមកជិតបំផុត ដោយមានចម្ងាយត្រឹមតែ៣ម៉ែត្រ ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់សហរដ្ឋអាមេរិក ប្រភេទ B-52។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «នៅក្នុងអំឡុងស្ទាក់ នាពេលយប់នោះ អាកាសយានិកកងទ័ពចិន បានបើកយន្ដហោះ នៅក្នុងឥរិយាបថគ្មានសុវត្ថិភាព គ្មានវិជ្ជាជីវៈ និង បង្ហាញពីការបើកបរកម្រិតទាប ហោះនៅក្នុងល្បឿនមិនអាចគ្រប់គ្រងបាន ហើយហោះនៅពីក្រោម និង នៅខាងមុខយន្ដហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52 ចម្ងាយត្រឹមតែ៣ម៉ែត្រ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់យន្ដហោះទាំង២គ្រឿង។ សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ថា អ្នកបើកយន្ដហោះយោធារបស់ចិន មិនបានដឹងអំពីរបៀបហោះទៅជិត ខណៈគាត់ហោះមក អាចនឹងមានគ្រោះថ្នាក់»។
មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីដើមខែតុលា ឆ្នាំ២០២៣ ថា យន្ដហោះយោធាចិន បានហោះ មកជិតនឹងយន្ដហោះរបស់សហរដ្ឋអាមេរិក ជិត ២០០ដង ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់ពេលនេះ។

ដោយឡែក ក្រសួងការពារជាតិចិន បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចោទប្រកាន់ មកលើកងទ័ពចិន អំពីការស្ទាក់ចាប់ នៅលើដែនអាកាសទាំងប្រថុយប្រថាន។ សកម្មភាពបែបនេះ គឺជាការលាបពណ៌ ដោយបានគិតទុកជាមុន មកលើប្រទេសចិន ជាមួយនឹងហេតុផលដ៏អាក្រក់ខាងនយោបាយ។
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី ក្រសួងការបរទេសចិន បានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) ខណៈសហរដ្ឋអាមេរិក និង ចិន កំពុងតែស្វែងរកការគ្រប់គ្រងភាពខុសគ្នា ជាយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅ និង ត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូល នាពេលខាងមុខ រវាងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping)៕ រក្សាសិទ្ធដោយ ៖ សារាយSN












