រដ្ឋធានីប៉េកាំង៖ លោក លី ខឺឈាង កាលពីនៅកាន់តំណែងជានាយករដ្ឋមន្រ្ដីចិន បានបង្កើតទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ជាពិសេស ប្រទេសកម្ពុជាយើង ប៉ុន្ដែឥឡូវនេះ គាត់បានទទួលមរណភាព នៅក្នុងវ័យ៦៨ឆ្នាំ នៅទីក្រុងសៀហៃ ប្រទេសចិន ។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ថា លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្រ្ដីចិន បានទទួលមរណភាព នៅក្នុងវ័យ៦៨ឆ្នាំ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺគាំងបេះដូង។ មរណភាពរបស់លោក លី ខឺឈាង បានកើតឡើង ត្រឹមតែរយៈពេល១០ខែ ក្រោយពេលគាត់បានចូលនិវត្ដន៍ ពីតំណែងជានាយករដ្ឋមន្រ្ដីចិន។

លោក លី ខឺឈាង ជាមនុស្សកំណែទម្រង់និយម នៅក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកការរីកចម្រើន ហើយត្រូវបានគេមើលឃើញ ថា គាត់ជាគូប្រជែងសម្រាប់មេដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិន។ ការទទួលមរណភាពរបស់លោក លី ខឺឈាង បានធ្វើឲ្យបណ្ដាមេដឹកនាំ នៅលើពិភពលោក ចូលរួមរំលែកទុក្ខ ដោយក្ដីសោកស្ដាយ ហើយក្នុងនោះក៏មានសម្ដេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជាយើង បានចូលរួមផ្ញើសាររំលែកទុក្ខផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន លោក ស៊ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរ នៅក្នុងសារលិខិតមួយ ដោយមានខ្លឹមសារ ថា «ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹង អំពីមរណភាព របស់ឯកឧត្តម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលទី១៧, ទី១៨ និងទី១៩ នៃបក្សកុម្មុយនិស្តចិន និង ជាអតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ។ មរណភាពរបស់ឯកឧត្តម តំណាងឱ្យការបាត់បង់ដ៏ធំមួយ សម្រាប់ប្រជាជនចិន និងបក្ស។

ឯកឧត្តម លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជា នឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រជាជាតិ និងប្រជាជន នៃប្រទេសយើងទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំ រវាងគណបក្សយើងទាំងពីរ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម ក្រុមគ្រួសារ នៃសព ប្រជាជនចិន និង បក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់រដ្ឋបុរសដ៏អស្ចារ្យម្នាក់។ សូមវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN
















