Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់ មានជនជាតិថៃ ជាង៥០នាក់

រដ្ឋធានីជេរូសាឡឹម៖ ក្រោយពេលក្រុមហាម៉ាស់ បានសម្រុកចេញ ពីតំបន់ហ្កាហ្សាស្ទ្រីប វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលឡើង ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបង្កឲ្យផ្ទុះសង្គ្រាមយ៉ាងសាហាវ ហើយមនុស្ស មានចំនួនរាប់ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះនេះ ខណៈជនជាតិថៃ ជាង៥០នាក់ កំពុងតែក្លាយជាចំណាប់ខ្លាំង។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលអ៊ីស្រាអែល បានអះអាង កាលពីថ្ងៃពុធ (ទី២៥ ខែតុលា ឆ្នាំ២០២៣ ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានចាប់ចំណាប់ខ្មាំង សរុប ២២០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួនជាងពាក់កណ្ដាល កាន់លិខិតឆ្លងដែនបរទេស មកពីប្រទេសចំនួន២៥។ ជនរងគ្រោះជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់ ទាំង២២០នាក់នោះ មានជិត១ភាគ៤ ជាជនជាតិថៃ។

អ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពតួលេខ កាលថ្ងៃពុធ (ទី២៥ ខែតុលា) ថា ជនរងគ្រោះ ចំនួន១៣៨នាក់ នៅក្នុងចំណោមចំណាប់ខ្មាំងទាំងអស់ ដែលបានកាន់លិខិតឆ្លងដែនបរទេស រួមមាន ជនជាតិអាហ្សង់ទីន ចំនួន ១៥នាក់, អាល្លឺម៉ង់ ចំនួន ១២នាក់, អាមេរិកាំង ចំនួន ១២នាក់, ជនជាតិបារាំង ចំនួន ៦នាក់ និង ជនជាតិរុស្ស៊ី ចំនួន៦នាក់។

ជាមួយគ្នានេះ ក្រសួងការបរទេសថៃ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) ថា រដ្ឋាភិបាលថៃ កំពុងតែដំណើរការផ្ទៀងផ្ទាត់ ទៅលើជនជាតិថៃ ទាំង៥៤នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់។

លោក ផានព្រី បាហ៊ីដថា-នូការ៉ា (Parnpree Bahiddha-Nukara) រដ្ឋមន្រ្ដី ក្រសួងការបរទេសថៃ បានប្រាប់ដល់សារព័ត៌មានរបស់ថៃ Bangkok Post ថា រដ្ឋាភិបាលថៃ បានបញ្ជូនអ្នកចរចាមួយក្រុម ដើម្បីធានាដល់ការដោះលែងចំណាប់ខ្មាំង ជាជនជាតិថៃ។ ថៃ ក្លាយជាប្រភពកម្លាំងពលកម្មចំណាកស្រុកដ៏ធំបំផុត បម្រើការងារ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយមានកម្មករ ប្រហែល ៣០ ០០០នាក់ កំពុងតែធ្វើការ នៅក្នុងវិស័យកសិកម្ម។

សារព័ត៌មានរបស់ថៃ Thai PBS world បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃសុក្រ បានច្រានចោលនូវរបាយការណ៍ ដោយបានអះអាង ថា ជនជាតិថៃ ចំនួន៥៤នាក់ ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២២០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ ចាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សា។

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា «ខ្ញុំបានពិនិត្យ និង ផ្ទៀងផ្ទាត់ស្ថានភាពរបស់ជនជាតិថៃ ជាមួយនឹងឯកអគ្គរាជទូតថៃ នៅអ៊ីស្រាអែល ក៏ដូចជា ទីភ្នាក់ងារសន្តិសុខ ហើយពួកគេបានបញ្ជាក់ ថា ជនជាតិថៃ ចំនួន១៨នាក់ កំពុងតែត្រូវបានក្រុមហាម៉ាស់ ចាប់ឃុំខ្លួន។ ប៉ុន្ដែការអះអាង អំពីជនជាតិថៃ ចំនួន៥៤នាក់ ត្រូវចាប់ឃុំឃាំង ដោយក្រុមហាម៉ាស់នោះ អាចនាំឲ្យមានការច្របូកច្របល់។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ថា ថា ជនជាតិថៃ ចំនួន៥៤នាក់ ត្រូវបានក្រុមហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង។

សង្គ្រាមដ៏ឃោរឃៅនេះ បានកើតឡើង ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ជាង ១ ៤០០នាក់ ។ រីឯអ៊ីស្រាអែល ក៏បានវាយប្រហារសងសឹក ទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិច ជាង ៧ ៣០០នាក់ ខណៈអ្នករងរបួសទាំងសងខាង មានចំនួនជាង២ម៉ឺននាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×