Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្សភឿថៃ ជ្រើសរើសកូនស្រីបង្កើតរបស់ថាក់ស៊ីន ជាប្រធាន

រាជធានីបាងកក៖ ស្របពេលអតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) កំពុងតែជាប់ពន្ធនាគារ ក្រោយការវិលត្រឡប់មក ដល់ប្រទថៃ កាលពីខែសីហា នោះ ឥឡូវនេះគណបក្សភឿថៃ ដែលកំពុងតែដឹកនាំរដ្ឋាភិបាលចម្រុះរបស់ប្រទេសថៃ បានសម្រេចជ្រើសរើសលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាប្រធានថ្មីរបស់គណបក្ស។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ថា លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា ជាកូនស្រីពៅបង្កើតរបស់អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ដែលកំពុងតែជាប់ពន្ធនាគារ ត្រូវបានតែងតាំង ជាប្រធានថ្មី នៃគណបក្សភឿថៃ (Pheu Thai)។ លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា ត្រូវបានប្រកាសឡើង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ក្រោយពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រតិបត្ដិរបស់គណបក្ស។ ការជ្រើសរើសលោកស្រី ជាប្រធានបក្ស ត្រូវគេរំពឹងថា នឹងពង្រឹងនូវការកាន់កាប់អំណាច នៃគ្រួសាររបស់លោកស្រី ក្រោយការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីខែឧសភា ឆ្នាំ២០២៣។

លោកស្រី ផេថុងថាន បានបញ្ជាក់ នៅក្នុងសុន្ទរកថា ទទួលតំណែងជាប្រធានថ្មីរបស់គណបក្សភឿថៃ ថា លោកស្រី សូមថ្លែងអំណរគុណ ដល់សមាជិករបស់គណបក្ស ដែលបានជ្រើសរើសលោកស្រី ជាប្រធានបក្ស ក្រោយពេលលោកស្រី ត្រូវបានតែងតាំង ជាមេដឹកនាំ នៃគណបក្សភឿថៃ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីពេលកន្លងមក។

ការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា នោះ គឺលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា វ័យ៣៧ឆ្នាំ បានទទួលសំឡេងគាំទ្រ ចំនួន២៨៩សំឡេង និង មានសំឡេងអនុប្បវាទ ចំនួន១សំឡេង។ បច្ចុប្បន្ន ឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន កំពុងតែជាប់នៅក្នុងពន្ធនាគារ ក្រោយពេលគាត់បានវិលត្រឡប់ ចូលមកកាន់ប្រទេសកំណើតវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីគាត់បានរស់នៅនិរទេសខ្លួន ដោយខ្លួនឯង នៅឯបរទេស អស់រយៈពេល១៥ឆ្នាំរួចមក។

លោក ថាក់ស៊ីន ដែលកំពុងតែទទួលទោស ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំ ក្រោយការវិលត្រឡប់ មកពីការនិរទេសខ្លួនឯង អស់រយៈពេល១៥ឆ្នាំ ក៏ត្រូវបានលោកស្រី ផេថុងថាន លើកមកបញ្ចូល នៅក្នុងសុន្ទរកថារបស់លោកស្រី ផងដែរ។ លោកស្រី បានហៅឪពុករបស់លោកស្រី ថា លោក ថាក់ស៊ីន ជាអ្នកបំផុសគំនិតនយោបាយរបស់លោកស្រី៕ រក្សាសិទ្ធដោយ ៖ សារាយSN

×