រដ្ឋធានីជេរូសាឡឹម៖ ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបង្កឲ្យផ្ទុះសង្គ្រាមដ៏ឃោរឃៅ ពីអ៊ីស្រាអែល វាយប្រហារសងសឹកទៅលើតំបន់ហ្កាហ្សា ដោយបានបណ្ដាលឲ្យមនុស្ស រាប់ពាន់នាក់ បាត់បង់ជីវិត ហើយឥឡូវនេះជម្លោះនេះ បានឈានដល់ដំណាក់កាលថ្មី ចំពេលកងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្ដិការ ចូលទៅក្នុងតំបន់នោះ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ថា អ៊ីស្រាអែល បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែតុលា) ថា សង្គ្រាមប្រឆាំងនឹងក្រុមចលនាអ៊ិស្លាមហាម៉ាស់ប៉ាឡេស្ទីន កំពុងតែឈានដល់ដំណាក់កាលថ្មី ជាមួយនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ទៅលើតំបន់ហ្កាហ្សា ដោយសារតែក្រុមចលនារបស់ប៉ាឡេស្ទីន បានទាមទារឲ្យដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ នៅក្នុងការដោះដូរចំណាប់ខ្មាំង ក្រោយពេលពួកគេបានចាប់ កាលពី៣សប្ដាហ៍មុន។

អង្គការសហប្រជាជាតិ បានព្រមាន ថា ជនស៊ីវិល រាប់ពាន់នាក់ អាចនឹងស្លាប់ នៅក្នុងតំបន់ហ្កាហ្សា ដោយសារតែអ៊ីស្រាអែល បានអះអាង អំពីកងទ័ពរបស់ខ្លួន កំពុងតែបើកប្រតិបត្ដិការសឹក ចូលទៅក្នុងដែនដីគ្រប់គ្រង ដោយក្រុមហាម៉ាស់ កាលពីជាង២៤ម៉ោងមុន ក្រោយពេលកងទ័ពរបស់អ៊ីស្រាអែល បានចូលទៅកាន់តំបន់នោះ កាលពីថ្ងៃសុក្រ (ទី២៧ ខែតុលា)។
បើតាមមន្រ្ដីអ៊ីស្រាអែល បានឲ្យដឹង ថា កងទ័ពអ៊ីស្រាអែល បានបង្កើននូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ក្រោយពេលក្រុមចលនាប្រដាប់អាវុធហាម៉ាស់ បានសម្រុក ចេញពីតំបន់ហ្កាហ្សាស្ទ្រីប វាយលុកដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដោយបានស្លាប់មនុស្ស ជាង ១ ៤០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយបានចាប់ជាចំណាប់ខ្មាំង ជាង២២០នាក់។

ក្រសួងសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រង ដោយក្រុមហាម៉ាស់ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែតុលា ថា មនុស្ស ជាង ៨ ០០០នាក់ នៅក្នុងតំបន់របស់ប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាម ជាមួយនឹងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា មក។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួនប្រហែលជាពាក់កណ្ដាល ជាកុមារ។
លោក វ៉ូលឃើរ ធើក (Volker Turk) ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមាន អំពីផលវិបាក នៃគ្រោះមន្ដរាយអាចនឹងកើតមានឡើង ចំពោះប្រតិបត្ដិការសឹក តាមផ្លូវគោក នៅក្នុងតំបន់ហ្កាហ្សា។ រីឯជនស៊ីវិល រាប់ពាន់នាក់បន្ថែមទៀត អាចនឹងស្លាប់»៕ រក្សាសិទ្ធដោយ ៖ សារាយSN











