រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន ហើយឥឡូវនេះ មន្រ្ដីយោធារបស់រដ្ឋាភិបាលក្រុងកៀវ បានអះអាង ពីការសម្លាប់ទាហានរុស្ស៊ី ចំនួន៧៤០នាក់ នៅក្នុងរយៈពេល២៤ម៉ោងមុននេះ។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេស៊បុក កាលពីថ្ងៃសៅរ៍ (ទី២៨ ខែតុលា) ថា រុស្ស៊ី បានបាត់បង់ទាហាន កើនឡើង រហូតដល់ ២៩៨ ៤២០នាក់ គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងអំឡុងពេលដូចគ្នានេះដែរ កងទ័ពអ៊ុយក្រែន បានអះអាង អំពីការកម្ទេចគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់រុស្សី មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក រួមមាន៖ យន្ដហោះចម្បាំង ចំនួន ៣២០គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣២៤គ្រឿង,នាវាចម្បាំងតូចធំ ចំនួន២០គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, រថក្រោះ ចំនួន ៥ ១៦៧គ្រឿង, រថពាសដែក ចំនួន ៩ ៧៤៩គ្រឿង,ប្រព័ន្ធកាំភ្លើងធំ ចំនួន ៧ ១៨០គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៨៣៤គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ៥៥៨គ្រឿង, ដ្រូន ចំនួន ៥ ៣៩៩គ្រឿង, មីស៊ីលគ្រូស ចំនួន ១ ៥៤១គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៩ ៥២៤គ្រឿង និង គ្រឿងចក្រពិសេស ចំនួន ១០១១គ្រឿង។
បើទោះជាយ៉ាងណា សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់ភាគីអ៊ុយក្រែន តែប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយបញ្ជាក់នោះដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងកៀវ ក៏មិនបានបញ្ជាក់ អំពីចំនួនកងទ័ពអ៊ុយក្រែន ស្លាប់ និង រងរបួសនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN
















