រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាម រវាងអ៊ីស្រាអែល និង ក្រុមចលនាអ៊ិស្លាមហាម៉ាស់របស់ប៉ាឡេស្ទីន អស់រយៈពេលជាង៣សប្ដាហ៍កន្លងមកនេះ បានបណ្ដាលឲ្យភាគីទាំងសងខាង ស្លាប់ជាង ៩ ០០០នាក់ និង រងរបួសជាង២ម៉ឹននាក់ ប៉ុន្ដែឥឡូវនេះ សហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល ខណៈកងទ័ពប្រទេសមួយនេះ បានវាយលុកតាមផ្លូវគោក និង តាមផ្លូវអាកាស ចូលទៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីន រស់នៅ ប្រហែល ២,៣លាននាក់។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី៣០ ខែតុលា) បានដាក់សម្ពាធ ទៅលើអ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ហើយជំរុញឲ្យបង្កើនជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់តំបន់នោះ ចំពេលមានការតវ៉ាយ៉ាងខ្លាំង អំពីការសម្លាប់មនុស្សដ៏ច្រើន ដោយសារតែការទម្លាក់គ្រាប់បែក ពីទាហានអ៊ីស្រាអែល អស់រយៈពេលជាង៣សប្ដាហ៍កន្លងមកនេះ។
សេតវិមាន បានបញ្ជាក់ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងការនិយាយតាមទូរស័ព្ទ ថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន ប៉ុន្ដែគួរតែធ្វើដូច្នេះឲ្យស្របតាមច្បាប់អន្តរជាតិ ស្តីអំពីការការពារជនស៊ីវិល។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ចូ បៃដិន និង លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែង ជួយដល់ជនរងគ្រោះជាចំណាប់ខ្លាំង ជាង២០០នាក់ ដែលត្រូវបានក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ចាប់ពង្រត់ នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ នៅលើទឹកដីរបស់អ៊ីស្រាអែល។
សេតវិមាន បានសង្កត់ធ្ងន់ ថា លោកប្រធានាធិបតី បៃដិន ក៏បានបញ្ជាក់ អំពីតម្រូវការក្នុងការបង្កើនលំហូរជំនួយមនុស្សធម៌ជាបន្ទាន់ និង ដ៏សំខាន់បំផុត ដើម្បីបំពេញតាមតម្រូវការរបស់ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ខណៈការផ្គត់ផ្គង់ បានធ្លាក់ចុះ នៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលហ៊ុមព័ទ្ធនោះ។
ជាមួយនឹងចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើតឡើង រហូតរាប់ពាន់នាក់នោះ ធ្វើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ក៏កំពុងតែស្ថិតក្រោមសម្ពាធ កាន់តែខ្លាំងឡើង ដើម្បីបញ្ជាក់ឱ្យច្បាស់ ថា ការគាំទ្រយ៉ាងពេញទំហឹងរបស់សហរដ្ឋអាមេរិក ទៅលើចំពោះអ៊ីស្រាអែល មិនប្រែក្លាយទៅជាការយល់ព្រម លើអ្វីៗគ្រប់យ៉ាង ដែលសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើ នៅក្នុងសង្កាត់ដ៏ក្រីក្រនេះ។

លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ កាលពីព្រឹក ថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ថា អ៊ីស្រាអែល ត្រូវតែមានការទទួលខុសត្រូវ នៅក្នុងកិច្ចការពារ ដល់អាយុជីវិតរបស់ប្រជាជនស្លូតត្រង់ នៅក្នុងតំបន់ហ្កាហ្សា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែសួរសំណួរដ៏លំបាកទៅកាន់អ៊ីស្រាអែល រួមទាំងបញ្ហាជាច្រើន ជុំវិញជំនួយមនុស្សធម៌ ការបែងចែក រវាងក្រុមភេរវករ និង ជនស៊ីវិលស្លូតត្រង់ ហើយអំពីរបៀបដែលអ៊ីស្រាអែល កំពុងតែគិត តាមរយៈប្រតិបត្តិការយោធារបស់ខ្លួន។
អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាពលរដ្ឋ ចំនួន ២,៣លាននាក់ បានអះអាង ថា ជនជាតិប៉ាឡេស្ទីន ចំនួន ៨០០៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្ដិការយោធា លុបបំបាត់ក្រុមហាម៉ាស់ គាំទ្រដោយអ៊ីរ៉ង់៕ រក្សាសិទ្ធដោយ ៖ សារាយSN



