រដ្ឋធានីសេអ៊ូល៖ ក្រោយពេលប្រទេសមហាអំណាចកំពូល នៅលើពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា បានថ្កោលទោសយ៉ាងដាច់អហង្ការ ទៅលើកូរ៉េខាងជើង អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅជួយដល់រុស្ស៊ី ដែលកំពុងតែខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន មិនបានប៉ុន្មានផង ឥឡូវនេះ កងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងខាងត្បូង បានបញ្ចេញយន្ដហោះចម្បាំងរបស់ពួកគេ ធ្វើសមយុទ្ធកក្រើកអាកាស ទំនងជាសារផ្ញើទៅកាន់ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាស នៅថ្ងៃចន្ទ (ទី៣០ ខែតុលា) នេះ ដោយមានយន្ដហោះចម្បាំង ចំនួន១៣០គ្រឿង ចូលរួម សម្រាប់ប្រតិបត្ដិការពេលសង្គ្រាម ២៤ម៉ោង។
កងទ័ពអាកាសកូរ៉េខាងត្បូង បានបញ្ជាក់ ថា សមយុទ្ធប្រចាំឆ្នាំ Vigilant Defence (វីហ្គីឡែនត៍ ដេហ្វែនស៍) នេះ នឹងប្រតិបត្ដិការបន្ដ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នឹងបង្ហាញយន្តហោះចម្បាំងបំបាំងជាច្រើនគ្រឿង ប្រភេទ F-35 មកពីកងទ័ពសហរដ្ឋអាមេរិក និង យន្តហោះដទៃទៀតរបស់កងទ័ពកូរ៉េខាងត្បូង។ សកម្មភាពយោធារបស់ប្រទេសទាំង២នេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង សម្រាប់អន្តរប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដោយអនុវត្តបេសកកម្មដ៏សំខាន់ តាមផ្លូវអាកាស ក៏ដូចជា សមយុទ្ធបាញ់គ្រាប់ពិត ពីអាកាសទៅដី, ប្រតិបត្តិការការពារដែនអាកាស និង ការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់ផ្សេងៗទៀត។

ការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានកើត ស្របពេលកូរ៉េខាងជើង កំពុងតែបង្កើនកិច្ចសហប្រតិបត្តិការយោធា ជាមួយរុស្ស៉ី។ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅតំបន់អាស៊ីបូព៌ា រួមមាន ជប៉ុន និង កូរ៉េខាងត្បូង បានចោទប្រកាន់ដល់កូរ៉េខាងជើង អំពីការបង្កើនសមត្ថភាពយោធា ជាថ្នូរនឹងការគាំទ្រជួយផ្គត់ផ្គង់គ្រឿងសព្វាវុធ ដល់រដ្ឋាភិបាលក្រុងមូស្គូ ដែលកំពុងតែធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN















