Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊្សកដានី ជំរុញឲ្យអាមេរិក ដាក់ពង្រាយខែការពារ ព្រោះភ័យខ្លាចសង្គ្រាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា

រាជធានីអាមម៉ាន់ (Amman)៖ ហ៊្សកដានី បានស្នើទៅកាន់ភាគីសហរដ្ឋអាមេរិក ឲ្យដាក់ពង្រាយនូវខែលការពារដែនអាកាសផេទ្រីយ៉ូត (Patriot) ដោយសារតែការភ័យខ្លាចសង្គ្រាមវាយប្រហារសឹកគ្នាយ៉ាងបង្ហូរឈាម រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ អាចនឹងរាលដាល កាន់តែធំឡើង នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់សម្ដីរបស់កងទ័ពហ៊្សកដានី បានអះអាង ថា «យើងបានស្នើទៅកាន់ភាគីសហរដ្ឋអាមេរិក ជួយបង្កើនប្រព័ន្ធការពារដែនអាកាសរបស់យើង ជាមួយនឹងការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot »។

អ្នកនាំពាក្យ កងទ័ពហ៊្សកដានី បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ថា ប្រទេសហ៊្សកដានី ជាសម្ពន្ធមិត្តរបស់អាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ដើម្បីពង្រឹងនូវការការពារព្រំដែនរបស់ខ្លួន ស្របពេលមានភាពតានតឹងកាន់តែខ្លាំង និង ជម្លោះដ៏ស្រួចស្រាល់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកឧត្តមសេនីយ៍ មូស្ដាហ្វា ហ៊ីយ៉ារី (Mustafa Hiyari) អ្នកនាំពាក្យ កងទ័ពហ៊្សកដានី បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ ថា «យើងបានស្នើឱ្យភាគីអាមេរិក ជួយពង្រឹងប្រព័ន្ធការពាររបស់យើង ជាមួយនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot»។

សហរដ្ឋអាមេរិក ធ្លាប់ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot នៅក្នុងប្រទេសហ៊្សកដានី នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រោយការបះបោរ នៅភាគខាងជើងរបស់ប្រទេសជិតខាងស៊ីរី ជាកន្លែងដែលព្រះរាជាណាចក្រមួយនេះ មានការព្រួយបារម្ភ អំពីសង្រ្គាមស៊ីវិល អាចផ្ទុះឡើង រាលដាលកាន់តែធំ ក្នុងតំបន់។

ក្រុមមន្ត្រីហ៊្សកដានី បានបញ្ជាក់ ថា ហ្ស៊កដានី មានការភ័យកាន់តែខ្លាំងឡើង អំពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីការវាយលុកដ៏ប្រល័យរបស់ហាម៉ាស់ ទៅលើលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជម្លោះនេះអាចនឹងរីករាលដាល ហើយបំផ្លិចបំផ្លាញ កាន់តែទូលំទូលាយ នៅក្នុងតំបន់បន្ថែមទៀត។

ការវាយប្រហាររបស់ហាម៉ាស់ ទៅលើទឹកដីរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ជាង ១ ៤០០នាក់។ រីឯអ៊ីស្រាអែល ក៏បានវាយប្រហារសងសឹក ទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្ស ជាង ៨ ០០០នាក់ ខណៈសង្គ្រាមនេះ កំពុងតែឆាបឆេះយ៉ាងខ្លាំង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×