Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក នៅតែជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិល

រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបនហ្កាហ្សា បាននាំឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែមានការភ័យខ្លាច អំពីជម្លោះនេះអាចនឹងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ហើយឥឡូវមន្រ្ដីសហរដ្ឋអាមេរិក បានអះអាង អំពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់មានជម្លោះជាមួយនឹងអ៊ីរ៉ង់ ហើយជំរុញឲ្យអ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ថា សហរដ្ឋអាមេរិក មិនដែលបោះបង់ចោលតំបន់មជ្ឈិមបូព៌ានោះឡើយ។ ប៉ុន្ដែជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបង្កើនកម្លាំងទ័ព ទៅកាន់តំបន់នេះ ដើម្បីរារាំងអ៊ីរ៉ង់ និង តួអង្គមិនមែនរដ្ឋ បញ្ចេញពីការកេងប្រវ័ញ្ចលើស្ថានភាព នៅតំបន់ហ្កាហ្សា និង អ៊ីស្រាអែល។

លោកឧត្ដមសេនីយ៍ ផេទ្រីក រ៉ៃដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Al Arabiya កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ថា «អ្វីដែលយើងមានចង់បាន ត្រូវតែការពារទប់ស្កាត់នូវការពង្រីកជម្លោះ នៅទូទាំងតំបន់ …ហើយនាវាផ្ទុកយន្ដហោះចម្បាំង ចំនួន២គ្រឿង នៅតំបន់ ត្រូវតែធ្វើឲ្យប្រាកដ ថា យើងមានកម្លាំងទ័ព នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីការពារកម្លាំងសហរដ្ឋអាមេរិក»។

លោក រ៉ៃដឺរ បាននិយាយអំពីការកើនឡើង នៃការវាយប្រហារ មកលើកងទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាង ថា បុគ្គលិកអាមេរិក ត្រូវបានគេកំណត់គោលដៅ វាយប្រហារ យ៉ាងហោចណាស់ ចំនួន២៣លើក ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមក។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានការពារវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក ទាំងនៅក្នុងតំបន់ស៊ីរី និង អ៊ីរ៉ាក់ តាមអ្វីដែលគាត់ហៅជាដែនដី ប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម ISIS។ ប៉ុន្ដែជាអកុសល ដូចអ្វីដែលយើងបានឃើញ កាលពីពេលកន្លងមកនេះ បណ្ដាកម្លាំងប្រដាប់អាវុធនានា គាំទ្រ ដោយអ៊ីរ៉ង់ បានវាយប្រហារជាច្រើនលើក ប្រឆាំងនឹងកងកម្លាំងរបស់យើងដែលបម្រើការងារ នៅក្នុងតំបន់ទាំងនោះ»។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសទៅលើទីតាំងនានារបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសស៊ីរី ខណៈក្រុមមន្ត្រី ឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ (IRGC) និង ក្រុមយុទ្ធជន គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ លោក Ryder បានអះអាង ថា គោលដៅដែលត្រូវបានបំផ្លាញ ជាកន្លែងផ្ទុកអាវុធ និង ឃ្លាំងរំសេវ ដើម្បីផ្ញើសារយ៉ាងច្បាស់ ថា «យើងនឹងការពារកងកម្លាំងរបស់យើង»។

បើទោះជាយ៉ាងណា អ្នកនាំពាក្យ មន្ទីរបញ្ចកោណរូបនេះ បានអះអាង ថា «យើងមិនស្វែងរកជម្លោះជាមួយនឹងអ៊ីរ៉ង់ ប៉ុន្ដែយើងនឹងមិនស្ទាក់ស្ទើរការពារកងកម្លាំងរបស់យើង ដែលកំពុងតែបម្រើការងារដ៏សំខាន់ នៅក្រៅប្រទេស»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រញាប់ប្រញាល់បញ្ជូនអាវុធចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានធ្វើឱ្យជនស៊ីវិល ទាហាន និង អ្នកការពារអ៊ីស្រាអែល ជាង ១ ០០០នាក់ស្លាប់។ បន្ថែមពីលើនេះ ក្រុមហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ក៏បានចាប់ចំណាប់ខ្មាំង រាប់រយនាក់ផងដែរ។

ដោយឡែក ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា ការវាយប្រហារសងសឹក ពីអ៊ីស្រាអែល បានសម្លាប់មនុស្ស នៅក្នុងតំបន់នេះ ជាង ៨០០០នាក់ ហើយក្នុងនោះមានកុមារ ជាង៣០០០នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×