Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន សម្លាប់មនុស្សយ៉ាងច្រើន

រដ្ឋធានីជេរូសាឡឹម៖ នៅក្នុងសង្គ្រាមអស់រយៈពេលជាង៤សប្ដាហ៍មកនេះ អ៊ីស្រាអែល នៅតែបន្ដបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ទៅលើតំបន់ហ្កាហ្សា ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារជាថ្មី ទៅលើជំរំជនភៀសខ្លួនរបស់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្ស ចន្លោះពី៥០ទៅ១០០នាក់ និង ១៥០នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មាន Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែវិច្ឆិកា ថា ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង អំពីជនជាតិប៉ាឡេស្ទីន ចន្លោះពី៥០ទៅ១០០នាក់ ត្រូវបានសម្លាប់ និង ជាង១៥០នាក់ផ្សេងទៀត បានរងរបួស ក្រោមការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនចាបាលៀ (Jabalia) ស្ថិតក្នុងតំបន់ហ្កាហ្សាស្ទីប (Gaza Strip)

ក្រសួងមហាផ្ទៃតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បានអះអាង ថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែក ទៅលើជំរំជនភៀសខ្លួនមួយ ដោយមានគ្រាប់បែកចំនួន៦គ្រាប់ ហើយគ្រាប់បែកនីមួយៗ មានសារធាតុបំផ្ទុះ ទម្ងន់១តោន។

បើតាមឃ្លីបវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានបង្ហាញ អំពីសាកសពរបស់ជនរងគ្រោះយ៉ាងតិច ចំនួន៤៧នាក់ ត្រូវបានរកឃើញ នៅក្នុងគំនរផ្ទះបាក់បែក ក្រោយការវាយប្រហារទៅលើផ្ទះរបស់ពួកគេ នៅក្នុងជំរំទាំងនោះ។

សង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារទៅលើប្រទេសមួយនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ ហើយភាគច្រើន ជាជនស៊ីវិល។ ដោយឡែក ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ជាង ៨ ៥០០នាក់ ហើយក្នុងនោះ មានកុមារជាង៣០០០នាក់ ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×