Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម៉ាស់ អះអាងពីការដោះលែងចំណាប់ខ្មាំងបរទេស នៅប៉ុន្មានថ្ងៃខាងមុខ

រដ្ឋធានីជេរូសាឡឹម៖ ក្រុមចលនាជីហាដអ៊ិស្លាមហាម៉ាស់របស់ប៉ាឡេស្ទីន បានចាប់ជនបរទេសជាង២០០នាក់ជាចំណាប់ខ្មាំង នៅក្នុងអំឡុងពេលវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ ប៉ុន្ដែឥឡូវ ក្រុមប្រដាប់អាវុធមួយនេះ បានអះអាង អំពីការដោះលែងជនរងគ្រោះមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ថា លោក អាប៊ូ អ៊ុយបៃដា (Abu Ubaida) អ្នកនាំពាក្យ ក្រុមហាម៉ាស់ បានថ្លែង កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា) ថា ក្រុមហាម៉ាស់ បានប្រាប់ដល់ក្រុមមន្រ្ដីអ្នកសម្របសម្រួល ថា ពួកគេនឹងដោះលែងជនបរទេស ជាចំណាប់ខ្មាំងមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

អ្នកនាំពាក្យ ក្រុមហាម៉ាស់ បានសង្កត់ធ្ងន់ ថា ក្រុមសកម្មប្រយុទ្ធរបស់គាត់ បានវាយប្រហារតទល់ ជាមួយនឹងកងទ័ពអ៊ីស្រាអែល នៅលើសមរភូមិជួរមុខ ចំនួន៣កន្លែង ដោយបានសម្លាប់ និង ធ្វើឱ្យរងរបួសដល់ទាហានអ៊ីស្រាអែល ជាច្រើននាក់ ហើយថែមទាំងបានបំផ្លាញរថយន្តយោធា ចំនួន២២គ្រឿង ផងដែរ។ ជាមួយគ្នានេះ កងទ័ពជើងទឹករបស់ហាម៉ាស់ ក៏បានប្រើប្រាស់មីស៊ីលក្រោមទឹក Aasif(អាអាស៊ីហ្វ) ជាលើកដំបូង នៅក្នុងជម្លោះនេះផងដែរ។

ដោយឡែក ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាង ថា ខ្លួនមិនបានដឹងអំពីសេចក្ដីរាយការណ៍ អំពីការវាយប្រហារ ដោយក្រុមហាម៉ាស់ នោះឡើយ។

ក្រសួងការបរទេសថៃ បានបញ្ជាក់ កាលពីថ្ងៃទី៣១ ខែតុលា ថា បើតាមតួលេខចុងក្រោយបង្អស់របស់អ៊ីស្រាអែល បានឲ្យដឹង ថា ជនរងគ្រោះ ជាង ២៣០នាក់ ត្រូវបានក្រុមហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង ហើយក្នុងនោះ មាន២២នាក់ ជាជនជាតិថៃ។ ប្រជាពលរដ្ឋថៃ ប្រហែល ៣០ ០០០នាក់ កំពុងតែធ្វើការ នៅក្នុងប្រទេសអ៊ីស្រាអែល ហើយភាគច្រើន នៅក្នុងវិស័យកសិកម្ម ខណៈជម្លោះនេះ បានផ្ទុះឡើង។ នៅក្នុងចំណោមជនរងគ្រោះ ត្រូវបានសម្លាប់ ដោយសារសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ នោះ ក៏មានជនជាតិថៃ យ៉ាងតិច ចំនួន៣២នាក់ បានបាត់បង់ជីវិត និង រងរបួស ចំនួន១៩នាក់។

លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ថា រដ្ឋាភិបាលរបស់គាត់ កំពុងតែធ្វើការយ៉ាងខ្លាំង ដើម្បីនាំប្រជាពលរដ្ឋថៃទាំងនោះ វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ។ ដូច្នេះ គាត់នឹងបញ្ជូនលោក ផានផ្រេ បាហ៊ីដថា-នូការ៉ា (Parnpree Bahiddha-Nukara) រដ្ឋមន្រ្ដីក្រសួងការបរទេសថៃ ទៅជួបនាយករដ្ឋមន្រ្ដីកាតារ និង ជារដ្ឋមន្រ្ដីការបរទេស នៅថ្ងៃអង្គារ (ទី៣១ ខែតុលា) នៅមុនការចរចាជាមួយនឹងរដ្ឋមន្រ្ដីការបរទេសអេហ្ស៊ីប នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា)។ រីឯប្រមុខការទូតថៃ ក៏នឹងពិភាក្សា អំពីស្ថានភាពរបស់ជនជាតិថៃ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×