រដ្ឋធានីជេរូសាឡឹម៖ បណ្ដាប្រទេសមួយចំនួន នៅតំបន់អាមេរិកខាងត្បូង បានកាត់ផ្ដាច់ចំណងទំនាក់ទំនងការទូត ដោយសារតែអ៊ីស្រាអែល បានវាយប្រហារសងសឹក ទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្ស កើនឡើង រហូតដល់ជាង ៨ ៥០០នាក់ ហើយភាគច្រើនជាជនស៊ីវិល និង កុមារ ប៉ុន្ដែអ៊ីស្រាអែល បានរិះគន់ដល់ប្រទេសទាំងនេះ ថា ជាការចុះចាញ់នឹងអំពើភេរវកម្មរបស់ហាម៉ាស់។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសបូឡាវី (Bolivia), ប្រទេសឈីលី (Chile) និង កូឡុំប៊ី (Colombia) ក្រោយពេលប្រទេសអាមេរិកខាងត្បូងទាំងនេះ បានសម្រេចកាត់ផ្ដាច់ទំនាក់ទំនងការទូតជាបន្ដបន្ទាប់ ដើម្បីតវ៉ាប្រឆាំងនឹងប្រតិបត្ដិការសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។
ជាមួយគ្នានេះដែរ បណ្ដាប្រទេសអាមេរិកឡាទីនមួយចំនួនទៀត រួមមាន អាហ្សង់ទីន និង ប្រេស៊ីល ក៏បានបង្កើននូវការរិះគន់ដ៏ឥទ្ធិពលរបស់ខ្លួន ថា ប្រតិបត្ដិការយោធារបស់អ៊ីស្រាអែល កំពុងតែមានគោលដៅ ទៅលើជនស៊ីវិល។

ក្រសួងការបរទេសអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ថា អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) បានទាមទារឲ្យប្រទេសកូឡុំប៊ី និង ឈីលី ត្រូវតែថ្កោលទោសឲ្យបានច្បាស់លាស់ ចំពោះអង្គការភេរវករហាម៉ាស់ ដែលបានសម្លាប់ ហើយចាប់ពង្រត់ទារក កុមារ ស្ត្រី និង មនុស្សចាស់។ ការទាមទាររបស់អ៊ីស្រាអែល បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រទេសឈីលី និង កូឡុំប៊ី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅប្រទេសអ៊ីស្រាអែល កាលពីល្ងាច ថ្ងៃអង្គារ (ទី៣១ ខែតុលា) ឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ចំពេលមានការរិះគន់ ជុំវិញការសម្លាប់ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា។
ក្រសួងការបរទេសអ៊ីស្រាអែល បានបញ្ជាក់ ថា «អ៊ីស្រាអែល រំពឹង ថា ប្រទេសកូឡុំប៊ី និង ឈីលី នឹងគាំទ្រដល់សិទ្ធិរបស់ប្រទេសប្រជាធិបតេយ្យ ដើម្បីការពារពលរដ្ឋរបស់ខ្លួន ហើយអំពាវនាវឱ្យមានការដោះលែងអ្នកត្រូវបានចាប់ពង្រត់ទាំងអស់ ជាបន្ទាន់ និង មិនចូលរួម ជាមួយនឹងប្រទេសវេណេហ្ស៊ុយអេឡា និង អ៊ីរ៉ង់ នៅក្នុងការគាំទ្រ ដល់អំពើភេរវកម្មហាម៉ាស់»។
ក្រុមមន្រ្ដីអ៊ីស្រាអែល បានអះអាង ថា ក្រុមហាម៉ាស់ បានបើកការវាយប្រហារយ៉ាងរង្គាល ទៅលើទីក្រុងភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ ហើយភាគច្រើនជាជនស៊ីវិល។
ដោយឡែក ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា អ៊ីស្រាអែល បានវាយប្រហារសងសឹកទៅលើតំបន់នេះ បានសម្លាប់មនុស្ស កើនឡើង រហូតដល់ ជាង ៨ ៧០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយក្នុងនោះក៏មានកុមារ ជាង ៣ ៦០០នាក់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN


