Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្ករខ្មែររបស់កម្ពុជា ចំនួន ៣៥០០តោន បាននាំចេញជើងដំបូង ទៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣។

បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា អង្ករសរបស់កម្ពុជា ក្នុងបរិមាណចំនួន ៣៥០០តោន បាននាំចេញជើងទី១ ទៅឥណ្ឌូនេស៊ីហើយ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ី។ កម្ពុជានឹងបន្តរដឹកជញ្ជូនអង្ករស ចំនួន ២ជើងបន្ថែមទៀតទៅឥណ្ឌូនេស៊ី ក្នុងបរិមាណសរុប ១ម៉ឺនតោន។

លោកបានគូសបញ្ជាក់បន្តថា ទឹកប្រាក់សរុបលើកិច្ចសន្យាទី១ គឺ ប្រមាណ ៦.៥លានដុល្លា ដែលដឹកចេញជា ៣ដង។ ការដឹកចេញលើកទី១ បានទៅដល់គោលដៅ និងបានរៀបចំពិធីបើកទូរក្នុងថ្ងៃនេះផងដែរ ចំនួន ៣៥០០ តោន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការនាំចេញនេះ ជាលទ្ធផលនៃកិច្ចខំប្រឹងប្រែង ក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។

ការព្រមព្រៀងនាំចូលអង្ករពីកម្ពុជា ក្នុងបរិមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌា បញ្ឈប់ការនាំចេញអង្ករ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ដំបូងឡើយឥណ្ឌូណេស៊ី មានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×