Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ព្រមព្រៀងគ្នាលើការគ្រប់គ្រងអាវុធមហាប្រល័យលោក ជាមួយសហរដ្ឋអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ចាប់តាំងពីរដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា រហូតមកដល់រដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន នាពេលបច្ចុប្បន្ន ប្រទេសចិន និង សហរដ្ឋអាមេរិក ទើបនឹងព្រមព្រៀងគ្នាជាលើកដំបូង លើការពិភាក្សា អំពីការចរចា ស្ដីអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅសប្ដាហ៍ក្រោយ។ នេះបើតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ដោយដកស្រង់ ប្រភពពីក្រសួងការបរទេសចិន បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ថា ប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២នេះ នឹងរៀបចំនូវការពិគ្រោះយោបល់គ្នា ស្តីអំពីការគ្រប់គ្រងអាវុធ និង ការមិនរីកសាយអាវុធនុយក្លេអ៊ែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជា ការពិភាក្សាគ្នាដាច់ដោយឡែកពីគ្នា អំពីកិច្ចការដែនសមុទ្រ និង បញ្ហាផ្សេងៗជាច្រើនទៀត។

សេចក្ដីរាយការណ៍របស់កាសែតរបស់សហរដ្ឋអាមេរិក Wall Street Journal បានបញ្ជាក់ ថា កិច្ចពិភាក្សា អំពីអាវុធទាំងនោះ នឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ខាងមុខ ដឹកនាំដោយលោក ម៉ាលឡ័ររី ស្ដេវ៉ាត (Mallory Stewart) មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និង លោក ស៊ុន ស៊ាវបូ (Sun Xiaobo) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និង ស្ថានទូតចិន ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយ អំពីពេលវេលា ឬទម្រង់ នៃកិច្ចពិភាក្សានេះឡើយ។

បើទោះជាយ៉ាងណា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ធ្លាប់លើកឡើង កាលពីអំឡុងឆ្នាំ២០២១ ថា លោកប្រធានាធិបតីចិន និង សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ស្វែងរកមើល ដើម្បីចាប់ផ្តើមការពិភាក្សា អំពីស្ថិរភាពជាយុទ្ធសាស្រ្ត ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ អំពីការកសាងអាវុធនុយក្លេអ៊ែររបស់ក្រុងប៉េកាំង។ ប៉ុន្តែសេតវិមាន បានអះអាង នៅពេលនោះថា ការពិភាក្សាគ្នានេះ នឹងមិនស្រដៀងទៅនឹងការពិភាក្សាកាត់បន្ថយអាវុធជាផ្លូវការ ដូចអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់ធ្វើជាមួយនឹងរុស្ស៊ី នោះឡើយ។

ចាប់តាំងពីពេលនោះមក មន្ត្រីអាមេរិក បានសម្តែងនូវការខកចិត្ត ដោយសារតែប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍តិចតួច នៅក្នុងការពិភាក្សា អំពីវិធានការកាត់បន្ថយនូវហានិភ័យ អំពីអាវុធនុយក្លេអ៊ែរ។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីខែតុលា ឆ្នាំ២០២៣ ថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្ដិការ ជាង៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅជាង១០០០គ្រាប់ នៅឆ្នាំ២០៣០។ បញ្ហានេះ បានធ្វើឲ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែចិន ជាគួរប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×