Tuesday, May 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីថៃ អះអាងពីអ៊ីស្រាអែល ប្ដេជ្ញាជួយរំដោះចំណាប់ខ្មាំង

spot_img

រាជធានីបាងកក៖ អ្នកកាន់លិខិតឆ្លងដែនជាជនបរទេស ជាង ២៣០នាក់ ត្រូវបានក្រុមហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង ចាប់តាំងពីពួកគេបានឆ្មក់វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ នៅទីក្រុងភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ហើយឥឡូវនេះ រដ្ឋាភិបាលថៃ ក៏ដូចជា បណ្ដាប្រទេសផ្សេងៗទៀត កំពុងតែស្វះស្វែង ជួយរំដោះប្រជាជនរបស់ខ្លួន។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ថា បើតាមលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ បានអះអាង ថា សមភាគីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចូលរួមរំលែកទុក្ខដល់ជនជាតិថៃ ដែលបានបាត់បង់ជីវិត នៅក្នុងជម្លោះនៅតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានប្ដេជ្ញាជួយសង្គ្រោះដល់ចំណាប់ខ្មាំង ជាជនជាតិថៃ ក៏ដូច ជាចំណាប់ខ្មាំងផ្សេងទៀត។

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ក្រោយការហៅទូរស័ព្ទជាមួយនឹងសមភាគីអ៊ីស្រាអែល ថា គាត់បានស្នើដល់លោកនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ឲ្យជួយរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ពលករថៃ បន្ថែមទៀត ប្រសិនបើមានតម្រូវការកើតឡើង។

ក្រសួងការងារថៃ បានបញ្ជាក់ ថា បច្ចុប្បន្ន ពលករថៃ ជាង ៨០០០នាក់ បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ។ ប៉ុន្ដែពួកគេមានចំនួនជាង៧០ភាគរយ ចង់ត្រឡប់ទៅកាន់អ៊ីស្រាអែលវិញ។

ក្រសួងការបរទេសថៃ បានបញ្ជាក់ កាលពីថ្ងៃទី៣១ ខែតុលា ថា បើតាមតួលេខចុងក្រោយបង្អស់របស់អ៊ីស្រាអែល បានឲ្យដឹង ថា ជនរងគ្រោះ ជាង ២៣០នាក់ ត្រូវបានក្រុមហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង ហើយក្នុងនោះ មាន២២នាក់ ជាជនជាតិថៃ។ ប្រជាពលរដ្ឋថៃ ប្រហែល ៣០ ០០០នាក់ កំពុងតែធ្វើការ នៅក្នុងប្រទេសអ៊ីស្រាអែល ហើយភាគច្រើន នៅក្នុងវិស័យកសិកម្ម ខណៈជម្លោះនេះ បានផ្ទុះឡើង។ នៅក្នុងចំណោមជនរងគ្រោះ ត្រូវបានសម្លាប់ ដោយសារសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ នោះ ក៏មានជនជាតិថៃ យ៉ាងតិច ចំនួន៣២នាក់ បានបាត់បង់ជីវិត និង រងរបួស ចំនួន១៩នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×