Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហាម៉ាស់ បាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ចេញពីលីបង់ ផ្លោងដាក់អ៊ីស្រាអែល

spot_img

រដ្ឋធានីប៊ែររូត៖ សង្គ្រាមរបស់អ៊ីស្រាអែល បានវាយប្រហារសងសឹក ទៅលើតំបន់ហ្កាហ្សា កំពុងតែបង្កឲ្យជម្លោះកាន់តែរីកធំឡើង ដោយសារតែក្រុមប្រដាប់អាវុធរបស់ហាម៉ាស់ ប្រើប្រាស់ទឹកដីរបស់លីបង់ សម្រាប់វាយប្រហារតបត ទៅលើអ៊ីស្រាអែល វិញ ស្របពេលក្រុមឧទ្ធាមហ៊ូធី នៅក្នុងប្រទេសយេមែន ក៏បានប្រកាស អំពីការវាយប្រហារដោយដ្រូន និង មីស៊ីលបាល្លីស្ទីក ផ្លោងទៅកាន់អ៊ីស្រាអែល ផងដែរ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីក្រុមហាម៉ាស់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមបណ្ដាញសង្គមតេឡេក្រាម ថា កងពលតូចអេសហ្សេឌីន អាល់-ហ្កាសសាម (Ezzedine al-Qassam) ជាស្លាបប្រដាប់អាវុធរបស់ហាម៉ាស់ ស្ថិតក្នុងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) បានបាញ់គ្រាប់រ៉ុក្កែត ចំនួន១២គ្រាប់ ឆ្លងកាត់ព្រំដែន តម្រង់ទិសដៅទៅលើទីក្រុងឃើរយ៉ាត ស្មូណា (Kiryat Shmona) នៅភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល។

ទីភ្នាក់ងារសុខាភិបាលសង្គ្រោះបន្ទាន់ និង គ្រប់គ្រងគ្រោះមហន្ដរាយជាតិ Magen David Adom (ម៉ាហ្គេន ដាវីដ អាដាម) របស់អ៊ីស្រាអែល បានបញ្ជាក់ ថា ការទប់ស្កាត់គ្រាប់មីស៊ីលទាំងនោះ បានបណ្ដាលឲ្យមនុស្ស ចំនួន២នាក់ រងរបួស។

អ៊ីស្រាអែល បានវាយប្រហារដោយគ្មានការរើសទីកន្លែង ទៅលើតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យរន្ធត់ ទៅលើសហគមន៍នានា នៅតាមព្រំដែនរបស់អ៊ីស្រាអែល និង ប៉ុស្ដិ៍យោធាច្រើនរបស់ប្រទេសនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១៤០០នាក់។ ចាប់តាំងពីពេលនោះមក ព្រំដែន រវាងអ៊ីស្រាអែល និងលីបង់ ចាប់ផ្ដើមប្រែប្រួល ប្រកបដោយគ្រោះថ្នាក់បំផុត រវាងអ៊ីស្រាអែល និង ក្រុមហេសប៊ូលឡាហ៍ (Hezbollah) នៅលីបង់ ដែលជាសម្ពន្ធមិត្ត នៃក្រុមហាម៉ាស់ប៉ាឡេស្ទីន។

បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹង ថា នៅលើទឹកដីរបស់លីបង់ មានមនុស្ស៦៦នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហេសប៊ូលឡាហ៍ ចំនួន ៤៨នាក់ ប៉ុន្ដែក៏មានជនស៊ីវិលម្នាក់ និង អ្នកកាសែតរបស់ Reuters ម្នាក់ ផងដែរ។ ដោយឡែក នៅខាងអ៊ីស្រាអែល មានមនុស្សស្លាប់ ចំនួន៩នាក់ ហើយក្នុងនោះ មានទាហាន៨នាក់ និង ជនស៊ីវិលម្នាក់។

ការវាយប្រហារសងសឹកពីអ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ជាង ៩ ០០០នាក់ ហើយភាគច្រើនជាជនស៊ីវិល ដោយក្នុងនោះមានកុមារ ជាង ៣ ៦០០នាក់ និង មានអ្នករងរបួសជាង ២០ ០០០នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×