Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ចាប់ផ្ដើមចេញមុខតវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក ធ្វើតេស្ដមីស៊ីលផ្លោងអន្ដរទ្វីប

រដ្ឋធានីព្យុងយ៉ាង៖ ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្ត នៅតំបន់អាស៊ីបូព៌ា កំពុងតែចោទប្រកាន់ ទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង អំពីការផ្គត់ផ្គង់គ្រាប់រំសេវ ជួយដល់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន នោះមក ឥឡូវនេះ កូរ៉េខាងជើង កំពុងតែចេញមុខតវ៉ា ប្រឆាំងនឹងសហរដ្ឋអាមេរិក ធ្វើតេស្ដសាកល្បង បាញ់មីស៊ីលអន្ដរទ្វីបបាល្លិស្ទីក Minuteman III មានសមត្ថភាពបំពាក់ក្បាលគ្រាប់មហាប្រល័យលោក។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះថា កូរ៉េខាងជើង បានប្ដេជ្ញាបន្ដធ្វើសកម្មភាពយោធាបន្ថែមទៀត ស្របពេលរដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងតែរិះគន់ដល់សហរដ្ឋអាមេរិក ជុំវិញការបាញ់សាកល្បងមីស៊ីលអន្ដរទ្វីបបាល្លិស្ទីក (ICBM) កាលពីពេលថ្មីៗនេះ។

បណ្ដាញផ្សព្វផ្សាយរបស់កូរ៉េខាងជើង KCNA បានសង្កត់ធ្ងន់ ថា កូរ៉េខាងជើង នឹងបន្តធ្វើសកម្មភាពយោធារបស់ខ្លួន ដើម្បីពង្រឹងនូវការរារាំង ហើយធានាដល់សន្តិសុខ ជាយុទ្ធសាស្រ្ត នៅលើឧបទ្វីបកូរ៉េ និង នៅក្នុងតំបន់។ សេចក្ដីរាយការណ៍របស់កូរ៉េខាងជើង ក៏បានរិះគន់ដល់ការបាញ់សាកល្បងមីស៊ីល Minuteman III (មីនូថេម៉ែន ស្រី) ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅឯមូលដ្ឋានទ័ពអវកាស Vandenberg (វ៉ាន់ដេនប៊ឺគ) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ខណៈកងទ័ពអាកាសអាមេរិក បានបញ្ជាក់ អំពីមីស៊ីលនោះ ត្រូវបានបំផ្ទុះឡើង ដោយមានកម្លាំងដ៏ខ្លាំងបំផុត។

កូរ៉េខាងត្បូង បានធ្វើសមយុទ្ធកងទ័ពអាកាស កាលពីចុងខែតុលា ដោយមានការចូលរួម ពីកងទ័ពសហរដ្ឋអាមេរិក និង ជប៉ុន នៅជិតឧបទ្វីបកូរ៉េ ដោយមានយន្ដហោះចម្បាំងទំនើបៗជាច្រើនប្រភេទ ហើយក្នុងនោះ ក៏មានទាំងយន្ដហោះបំបាំងកាយ ប្រភេទ F-35 និង យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 ក៏ដូចជា យន្ដហោះចម្បាំងផ្សេងៗទៀត មកពីកងទ័ពអាកាសរបស់ប្រទេសទាំង៣។ ស្របគ្នានេះដែរ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ក៏បានធ្វើសមយុទ្ធទ័ពអាកាស ទ្រង់ទ្រាយធំបំផុត ដោយមានការចូលរួម មកពីកងយន្ដហោះចម្បាំង ចំនួន១៣០គ្រឿង សម្រាប់ប្រតិបត្ដិការសង្គ្រាម រយៈពេល២៤ម៉ោង កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×