Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ បដិសេធថា មិន​បានដឹង​រឿង​ដោះដូរ​ទីតាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ទេ​ (វីដេអូ)

​ខេត្ត​ព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នា​សាលាខេត្ត​ព្រះសីហនុ​។ លោក​បាន​បដិសេធថា មិន​បានដឹង​រឿង ការស្នើ​សុំ​ដោះដូរ​ទីតាំង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​នោះទេ​។​

ឯកឧត្តម​បន្តថា កន្លងមកនេះ មាន​អ្នក​សួរនាំ​រូបលោក​ជុំវិញ​ព័ត៌មាន នៃ​ការ​ដោះ​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មួយចំនួន​ដែរ ប៉ុន្តែ​លោក​មិន​អាច​ឆ្លើយ​បានទេ ព្រោះ​លោក​មិន​បានដឹង​រឿង​នេះ​ទាល់តែសោះ​។​

ទាក់ទិន​បញ្ហា​នេះ​កន្លងមក មន្ត្រីនគរបាល​ថ្នាក់ទាប និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ សកម្មភាព​រត់​ការដោះដូ​រ​ដី​ទីតាំង​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដែល​នៅ​ចំ​កណ្តាល​ក្រុង យកទៅ​ដាក់​ទីតាំង​ថ្មី​នៅ​ជាយក្រុង មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១៥​គីឡូម៉ែត្រ ពី​ទីប្រជុំជន​ក្រុងព្រះសីហនុ​។​

ត្រង់​ចំណុច​នេះ ទាំង​មន្ត្រី​នគរបាល និង​ប្រជាពលរដ្ឋ មាន​ឆ្ងល់​ថា បើ​ទីតាំង​កម្លាំង​សមត្ថកិច្ច សម្រាប់​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ យកទៅ​ដាក់​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ ឬ​ឆ្ងាយ​ពី​ទីប្រជុំជន តើ​នៅពេល​កើតមាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​ហិង្សា​ផ្សេងៗ ឬ​អគ្គីភ័យ​កើតឡើង តើ​កម្លាំង​សមត្ថកិច្ច​អាច ចេញមក​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​ដែរឬទេ​?
​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីនគរបាល​ថ្នាក់ទាប បាន​រអ៊ូរទាំ​ថា ទីតាំង​ស្នងការ​ថ្មី ដែល​អាច​មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ ចេញពី​ទីក្រុង ហើយ​គួបផ្សំ​រាល់ថ្ងៃនេះ ចរាចរណ៍​កកស្ទះ​ផង ចុះបើ​មាន​បទល្មើស​អ្វីមួយ​កើតឡើង មានដូចជា​៖ បទល្មើស​វាយ​កាប់​គ្នា ចោរ​ឆក់​ប្លន់ ឬ​អគ្គីភ័យ​កើតឡើង​ជា​ដើម តើ​អាច​ចេញ​អន្តរាគមន៍​ទាន់ពេល​ទេ​..?​។​

ត្រង់​ចំណុច​នេះ ក្រុម​មន្ត្រី​នគរបាល​មាន​ឋានៈ​ទាប និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ទប់ស្កាត់ សកម្មភាព​ដោះដូរ​ទីតាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅកាន់​ទីតាំង​ថ្មី ដែល​មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ដោយ​អនុគ្រោះ​ផង​។​

មន្ត្រីនគរបាល​ថ្នាក់ទាប​មួយចំនួន បានឲ្យដឹងថា ពេល​នេះ​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ត្រៀម​ធ្វើ​ការដោះដូរ​ទៅកាន់​ទីតាំង​ថ្មី គឺ​កំពុង​ស្នើ​សុំ​យោបល់​ពី​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពិនិត្យ​សម្រេច​ចុងក្រោយ​។​

នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្ញើជូន សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ស្នើសុំ​គោល​ការដោះដូរ​អាគារ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​៣ ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ រួមមាន​៖ អាគារ​ការិយាល័យ​កណ្តា​ល​សណ្តាប់ធ្នាប់​, អាគារ​ការិយាល័យ​កណ្តា​ល​នគរបាល​ព្រហ្មទណ្ឌ និង​អាគារ​កណ្តាល​ការិយាល័យ​កណ្តាល​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​មុន​ធ្វើការ​អភិវឌ្ឍន៍​។​

យ៉ាងណា​ក៏ដោយ​ចុះ លោក ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់បាន​បំភ្លឺថា ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មិន​មាន​ការផ្លាស់ប្តូរ​ទេ​។​

ទាក់ទិន​ការដោះដូរ​ទីតាំង​អាគារ​ធ្វើការ​រដ្ឋ​នេះ​ដែរ កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​រំលឹក​ជារឿយៗ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ មិនឲ្យ​ធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​អាគារ​ធ្វើការ​រដ្ឋ​ទៀត​ទេ ប៉ុន្តែ​បំរាម​ខាងលើនេះ នៅតែ​បន្ត​កើតមាន​ជា​ដដែល ដោយ​តាម​ការកត់សម្គាល់ នៅ​មាន​មន្ត្រីក្រោមឱវាទ របស់​សម្តេច​តេជោ មួយចំនួន​មិន​យក​ត្រចៀក​ស្តាប់ និង​មិន​យក​បំរាម របស់​ប្រមុខ​ដឹកនាំ​យក​មក​អនុវត្ត​តាម​ឲ្យមាន​ប្រសិទ្ធិភាព​ឡើយ​..៕ ដោយ ៖ ដែន​សីមា​

​សូម​អាន​លិខិត​ស្នើ​សុំ​ដោះដូរ​ទីតាំង អាគារ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ឯកឧត្តម​ឧត្តមសេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្ញើជូន​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨៖​

  

×