Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចលនាប្រដាប់អាវុធមីយ៉ាន់ម៉ា ដណ្ដើមកាន់កាប់ទីក្រុងពាណិជ្ជកម្មដ៏សំខាន់ នៅជាប់ព្រំដែនជាមួយចិន

រដ្ឋធានីណៃពិដោរ៖ ក្រោយពេលពួកឧត្ដមសេនីយ៍ បានធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ខណៈមានការវាយប្រហារយុទ្ធគ្នា នៅតាមតំបន់ និង រដ្ឋជាច្រើន ប៉ុន្ដែឥឡូវនេះ ក្រុមចលនាប្រដាប់អាវុធ ចំនួន៣ក្រុម កំពុងតែបង្កើនសកម្មភាព វាយដណ្ដើមតំបន់គ្រប់គ្រងទីក្រុងពាណិជ្ជកម្មដ៏សំខាន់ នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសចិន ។

សារព័ត៌មានមាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ កាលពីព្រឹក ថ្ងៃសុក្រ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានអះអាង ថា កងទ័ពរដ្ឋាភិបាល នឹងវាយដណ្ដើមតំបន់ទាំងនោះ ពីក្រុមប្រដាប់អាវុធជនជាតិភាគតិច យកមកគ្រប់គ្រងវិញ។

ក្រុមអ្នកវិភាគ បានអះអាង ថា ការប្រយុទ្ធគ្នា បានអូសបន្លាយ អស់រយៈពេលមួយសប្តាហ៍កន្លងមកហើយ នៅទូទាំងរដ្ឋសាន (Shan)។ នេះជាសកម្មភាពវាយប្រយុទ្ធប្រជែងអំណាចយោធាដ៏ធំបំផុត ជាមួយនឹងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់តាំងពីពួកគេបានធ្វើរដ្ឋប្រហារ ដណ្តើមរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

កងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (ហៅកាត់ MNDAA), កងទ័ពរំដោះជាតិតាអាំង (ហៅកាត់ TNLA) និង កងទ័ពអារ៉ាកាន់ (Arakan Army) ហៅកាត់ AA បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) ថា កងកម្លាំងប្រដាប់អាវុធទាំង៣នេះ បានដណ្តើមគ្រប់គ្រងប៉ុស្តិ៍ជាច្រើន និង ទីប្រជុំជនចំនួនបួន ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗ ឆ្ពោះទៅកាន់ប្រទេសចិន។

ដោយឡែក រដ្ឋាភិបាលចិន កាលពីថ្ងៃទី២ ខែវិច្ឆិកា បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយ នៅក្នុងរដ្ឋសាន ដែលនៅទីនោះ ជាគម្រោងផ្លូវដែកមានទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក តភ្ជាប់ទៅនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ«ខ្សែក្រវាត់ និង ផ្លូវ»របស់ប្រទេសចិន៕ រក្សាសិទ្ធដោយ ៖ ​សារាយSN

×