Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំហេសប៊ូលឡាហ៍ ត្រៀមចូលរួមប្រយុទ្ធ ប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល

រដ្ឋធានីប៊េរូត៖ ជម្លោះវាយប្រហារសងសឹកគ្នា ទៅវិញទៅមក រវាងអ៊ីស្រាអែល និង ក្រុមចលនាប្រដាប់អាវុធជីហាដអ៊ិស្លាមហាម៉ាស់របស់ជនជាតិប៉ាឡេស្ទី បានបណ្ដាលឲ្យចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សា កើនឡើង ជាង ៩ ៦០០នាក់ ប៉ុន្ដែឥឡូវនេះ មេដឹកនាំហេសប៊ូលឡាហ៍ បានចាប់ផ្ដើមចេញការព្រមានជាលើកដំបូង អំពីសង្គ្រាមនេះ អាចនឹងរីករាលដាលពាសពេញ នៅតំបន់មជ្ឈិមបូព៌ា។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា លោក សាយយេដ ហាសសាន់ ណាស្រាលឡាហ៍ ( Sayyed Hassan Nasrallah) មេដឹកនាំហេសប៊ូលឡាហ៍ (Hezbollah) នៅក្នុងប្រទេសលីបង់ បានព្រមាន កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) ថា ប្រសិនបើកងទ័ពអ៊ីស្រាអែល នៅតែបន្ដវាយប្រហារ ទៅលើតំបន់ហ្គាហ្សា មិនព្រមបញ្ឈប់ទេនោះ ការប្រយុទ្ធនៅលើសមរភូមិរបស់លីបង់ អាចនឹងក្លាយទៅជាសង្រ្គាម កាន់តែរីកធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា។

មេដឹកនាំហេសប៊ូលឡាហ៍ បានថ្លែង នៅតាមកញ្ចក់ទូរទស្សន៍ ជាលើកដំបូង ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានផ្ទុះឡើង ថា «យើងត្រៀមខ្លួនរួចរាល់អស់ហើយ អំពីលទ្ធភាពអាចនឹងចូលរួមប្រយុទ្ធ»។

ហេសប៊ូលឡាហ៍ ជាកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លា គាំទ្រ ដោយអ៊ីរ៉ង់ ធ្លាប់ចូលរួមប្រយុទ្ធ ប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល នៅតាមព្រំដែន រវាងប្រទេសលីបង់ និង អ៊ីស្រាអែល ចាប់តាំងពីពួកគេបានប្រយុទ្ធនៅក្នុងសង្គ្រាម ជាមួយនឹងអ៊ីស្រាអែល នៅក្នុងអំឡុងឆ្នាំ២០០៦។ ជាមួយគ្នានេះដែរ ក្រុមឧទ្ធាមហ៊ូធី នៅក្នុងប្រទេសយេមែន គាំទ្រ ដោយអ៊ីរ៉ង់ ក៏បានប្រកាស អំពីការវាយប្រហារ ដោយដ្រូន និង មីស៊ីលបាល្លិស្ទីក ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ប្រសិនបើមិនព្រមបញ្ចប់សង្គ្រាមរបស់ខ្លួនទេនោះ។

សង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង ក្រោយពេលក្រុមហាម៉ាស់ បានសម្រុកចេញពីតំបន់ហ្កាហ្សាស្ទ្រីប វាយប្រហារទៅលើទីក្រុងភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ជាង ២០០នាក់។ នេះបើតាមការអះអាង ពីមន្រ្ដីរបស់អ៊ីស្រាអែល។

ដោយឡែក ក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា បានអះអាង ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង ជាង ៩ ៦០០នាក់ ហើយភាគច្រើនជាជនស៊ីវិល ដោយក្នុងនោះ មានកុមារ ជាង ៣ ៦០០នាក់៕រក្សាសិទ្ធដោយ ៖ ​សារាយSN

×