រដ្ឋធានីជេរូសាឡឹម៖ ស្របពេលកងទ័ពអាកាសរបស់អ៊ីស្រាអែល កំពុងតែបង្កើនការវាយប្រហារតាមអាកាស កម្ទេចទីតាំងសំខាន់ៗ តាមអ្វីដែលពួកគេ បានចាត់ទុកជាទីកន្លែងលាក់ខ្លួនរបស់ក្រុមប្រដាប់អាវុធហាម៉ាស់ យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ កងទ័ពថ្មើរជើង នៅតែអល់អែក មិនហ៊ានសម្រុកចូលជ្រៅទៅក្នុងតំបន់ហ្កាហ្សា ដោយសារតែការភ័យខ្លាចជាប់អន្ទាក់របស់ក្រុមប្រដាប់អាវុធមួយនេះ បង្កប់ផ្លូវរូងក្រោមដី ប្រវែងរាប់រយគីឡូម៉ែត្រ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ថា បណ្ដាញប្រភពសន្ដិសុខជាច្រើន បានអះអាង ថា អ្វីដែលកុហក សម្រាប់កងទ័ពថ្មើរជើងរបស់អ៊ីស្រាអែល វាយចូលលុកលុយ ទៅលើតំបន់ហ្កាហ្សានោះ ត្រង់ថា ក្រុមហាម៉ាស់ មានបណ្ដាញផ្លូវរូងក្រោមដី ប្រវែងរាប់រយគីឡូម៉ែត្រ និង មានជម្រៅ រហូតដល់ទៅ៨០ម៉ែត្រ ហើយត្រូវបានរៀបរាប់ ដោយចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានដោះលែង។ រូងក្រោមដីនោះ ប្រៀបដូចជាបណ្ដាញពីងពាង ហើយក៏ដូចអ្វីដែលអ្នកជំនាញម្នាក់ បានអះអាង ប្រៀបបីដូចជាបណ្ដាញរបស់វៀតកុង ចំនួន១០ដង។
ប្រភពពីសន្ដិសុខរបស់លោកខាងលិច និង តំបន់មជ្ឈិមបូព៌ា បានអះអាងស្រដៀងគ្នាទៅនឹងការលើកឡើងបែបនេះ ថា ក្រុមចលនាជីហាដអ៊ិស្លាមហាម៉ាស់របស់ប៉ាឡេស្ទីន មានរូងក្រោមដី ជាច្រើនប្រភេទ សម្រាប់រត់នៅក្រោមឆ្នេរខ្សាច់ មានទំហំ៣៦០គីឡូម៉ែត្រការ៉េ ហើយព្រំដែនរបស់រូងក្រោមដីទាំងនោះ អាចសម្រាប់ការវាយប្រហារ ការរត់ពន្ធ កន្លែងស្តុកសម្ភារ និង រូងភ្នំប្រតិបត្តិការ។
មន្រ្ដីមួយរូបរបស់សហរដ្ឋអាមេរិក បានអះអាង ថា សហរដ្ឋអាមេរិក ជឿជាក់ ថា កម្លាំងពិសេសរបស់អ៊ីស្រាអែល នឹងប្រឈមមុខជាមួយនឹងបញ្ហាមិនធ្លាប់មានពីមុនមក នៅក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស់ ខណៈព្យាយាមចៀសវាងនូវការសម្លាប់ចំណាប់ខ្មាំងដែលត្រូវបានចាប់ឃុំខ្លួន នៅក្នុងរូងក្រោមដី។
លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានផ្ដល់នូវការកត់សម្គាល់ ថា ការប្រយុទ្ធ រយៈពេលប្រាំបួនខែ នៅលើទីដីរបស់អ៊ីរ៉ាក់ សម្រាប់ការរំដោះទីក្រុងមូស៊ូល (Mosul) ចេញពីក្រុមរដ្ឋអ៊ិស្លាម ISIS អាចបង្ហាញ ថា វាមានភាពងាយស្រួលជាងអ្វីដែលអ៊ីស្រាអែល កំពុងតែរង់ចាំ ដោយទំនងជាមាន IED ជាច្រើន (ឬឧបករណ៍បំផ្ទុះ) និង អន្ទាក់យ៉ាងច្រើន។
បើទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានគិតគូរយ៉ាងច្រើន នៅក្នុងការរុករកផ្លូវរូងក្រោមដី រួមទាំងរបាំងក្រោមដី ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា តាមអ្វីដែលគេហៅថា «ជញ្ជាំងដែក» ព្រោះក្រុមហាម៉ាស់ នៅតែត្រូវបានគេគិត ថា ក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីនមួយនេះ មានផ្លូវរូងក្រោមដី ជាច្រើន សម្រាប់ធ្វើដំណើរ ចេញទៅកាន់ពិភពខាងក្រៅ។
ក្រោយពេលកើតមានអរិភាពចុងក្រោយ នៅក្នុងអំឡុងឆ្នាំ២០២១ នោះ លោក យេយ៉ា អាល់ស៊ីនវ៉ា (Yehya Al-Sinwar) មេដឹកនាំហាម៉ាស់ នៅតំបន់ហ្កាហ្សា បានអះអាង ថា «ក្រុមហាម៉ាស់ បានចាប់ផ្តើមនិយាយ ថា ពួកគេបានបំផ្លាញផ្លូវរូងក្រោមដីរបស់ហាម៉ាស់ ប្រវែង១០០គីឡូម៉ែត្រ។ ដូច្នេះ ខ្ញុំកំពុងតែប្រាប់អ្នក ថា ផ្លូវរូងក្រោមដីដែលយើងមាន នៅតំបន់ហ្កាហ្សាស្ទ្រីប មានលើសពី៥០០គីឡូម៉ែត្រ»។ បើទោះជាការរៀបរាប់របស់ហាម៉ាស់ ជាការពិតយ៉ាងណាក្ដី ក៏ពួកគេបានបំផ្លាញផ្លូវរូងក្រោមដី ត្រឹមតែ២០ភាគរយប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN