រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមវាយប្រហារសងសឹក រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានបណ្ដាលឲ្យចំនួនអ្នកស្លាប់ កើនឡើង ប្រហែលជាង ១០ ០០០នាក់ រហូតធ្វើឲ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បាននាំគ្នាធ្វើបាតុកម្មយ៉ាងកក្រើក នៅតាមបណ្ដាប្រទេសលោកខាងលិច ទាមទារជំរុញឲ្យមានបទឈប់បាញ់គ្នា និង បញ្ចប់ជម្លោះនេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ (ទី៤ ខែវិច្ឆិកា) បានធ្វើបាតុកម្ម នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស, រដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់, រដ្ឋធានីប៉ារីស ប្រទេសបារាំង, រដ្ឋធានីអង់ការ៉ា និង អ៊ីស្តង់ប៊ុល ប្រទេសតួកគី ហើយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីអំពាវនាវ ទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា និង បញ្ឈប់នូវទម្លាក់គ្រាប់បែកពីអ៊ីស្រាអែល។ ការអំពាវនាវរបស់ក្រុមបាតុករ នៅតាមបណ្ដាប្រទេសលោកខាងលិចទាំងនេះ បានកើតឡើង ក្រោយពេលកងទ័ពអ៊ីស្រាអែល បានបង្កើនការវាយលុក ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។

រូបភាពតាមទូរទស្សន៍ នៅក្នុងទីក្រុងឡុងដ៍ បានបង្ហាញ អំពីហ្វូងមនុស្សយ៉ាងច្រើន កំពុងតែអង្គុយតវ៉ាបិទផ្លូវមួយចំនួន នៅកណ្តាលទីក្រុងរបស់ប្រទេសមហាអំណាចមួយនេះ នៅមុនពេលពួកគេដើរទៅកាន់ទីលាន Trafalgar។ ក្រុមបាតុករ បានជំរុញឲ្យមានសេរីភាព សម្រាប់ជនជាតិប៉ាឡេស្ទីន ហើយអំពាវនាវឲ្យមានបទឈប់បាញ់គ្នា ដោយបានអះអាង ថា «មនុស្សរាប់ពាន់នាក់របស់យើង និង ប្រជាជនរាប់លាននាក់របស់យើង ជាជនជាតិប៉ាឡេស្ទីនទាំងអស់»។
ដោយឡែក ប៉ូលិស បានអះអាង ថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមបាតុករ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមមាន បទញុះញង់ ធ្វើឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ហើយនាំឱ្យមានស្ថានទម្ងន់ទោស ចំពោះសណ្តាប់ធ្នាប់សាធារណៈ។

ចក្រភពអង់គ្លេស បានគាំទ្រដល់សិទ្ធិរបស់អ៊ីស្រាអែល សម្រាប់ការពារខ្លួន ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ និង ជនរងគ្រោះជាង ២៤០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ក្រុមមន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ថា ជនជាតិប៉ាឡេស្ទីន ជាង ៩ ៤៨៨នាក់ ត្រូវបានសម្លាប់ ក្រោមការវាយប្រហារ ពីសង្គ្រាមរបស់អ៊ីស្រាអែល៕ រក្សាសិទ្ធដោយ ៖ សារាយSN




