ទីក្រុងញូវយ៉ក៖ ប្រមុខអង្គការសហប្រជាជាតិ និង បណ្ដាមេដឹកនាំជាច្រើន នៅលើពិភពលោក កំពុងតែជំរុញឲ្យអ៊ីស្រាអែល ត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស់ ដោយសារតែជម្លោះនេះ បានបណ្ដាលឲ្យមនុស្ស នៅក្នុងតំបន់ហ្កាហ្សា បានស្លាប់កើនឡើង លើសពី១០០០០នាក់។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានដកស្រង់សម្ដីរបស់លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) ថា តំបន់ហ្កាហ្សា កំពុងតែក្លាយជាទីស្មសាន (ព្រៃខ្មោច) សម្រាប់កប់សពកុមារ។ ជាមួយគ្នានេះ លោកប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ នៅក្នុងតំបន់នេះ ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានអះអាង អំពីចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនលើស ពីជាង ១០ ០០០នាក់។
បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទាំងកងទ័ពអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធហាម៉ាស់ គ្រប់គ្រងនៅតំបន់ហ្កាហ្សា បានបដិសេធនូវសម្ពាធរបស់អន្តរជាតិ ដែលកំពុងកើនឡើង សម្រាប់ជំរុញឲ្យមានបទឈប់បាញ់។ រីឯអ៊ីស្រាអែល បានអះអាង ថា ជនរងគ្រោះត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ នៅក្នុងអំឡុងពេលវាយប្រហារ នៅភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវតែដោះលែងជាមុនសិន។ ដោយឡែក ក្រុមហាម៉ាស់ បានឆ្លើយតបវិញ ថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងទាំងនេះ ឬ បញ្ឈប់នូវការប្រយុទ្ធគ្នានោះឡើយ ល្គឹកណាតំបន់ហ្កាហ្សា កំពុងស្ថិតនៅក្រោមការវាយវាយប្រហារពីអ៊ីស្រាអែល។
ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា «កម្លាំងប្រដាប់អាវុធរបស់ក្រសួងការពារជាតិអ៊ីស្រាអែល បានបើកប្រតិបត្ដិការតាមផ្លូវគោក ហើយបានបន្ដទម្លាក់គ្រាប់បែក ដោយកំពុងតែវាយប្រហារទៅលើជនស៊ីវិល មន្ទីរពេទ្យ ជំរំជនភៀសខ្លួន ព្រះវិហារអ៊ិស្លាម វិហារសាសនាគ្រឹស្ដ និង ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាច្រើន ដោយរាប់បញ្ចូលទាំងទីជម្រករបស់ជនភៀសខ្លួន ផងដែរ។ នៅតំបន់ហ្កាហ្សា មិនមានសុវត្ថិភាព នោះឡើយ។
លោកប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «នៅក្នុងអំឡុងសង្គ្រាមនេះ ក្រុមហាម៉ាស់ និង កងជីវពលផ្សេងៗទៀត បានប្រើប្រាស់ជនស៊ីវិល មកធ្វើជាខែលការពារ ហើយបានបន្ដបាញ់គ្រាប់រ៉ុក្កែត ដោយមិនរើសទីតាំង សំដៅទៅអ៊ីស្រាអែល»។
ដោយឡែក អ៊ីស្រាអែល បានបញ្ជាក់ ថា កងទ័ពរបស់ខ្លួន ចំនួន៣១បានស្លាប់ ចាប់តាំងពីការបើកប្រតិបត្ដិការតាមផ្លូវគោក ចូលទៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ អ៊ីស្រាអែល បាននិយាយជាដដែលៗ ថា ក្រុមហាម៉ាស់ កំពុងតែលាក់ខ្លួន នៅជាមួយនឹងជនស៊ីវិល និង នៅតាមមន្ទីរពេទ្យនានា។ ដោយឡែក ក្រុមហាម៉ាស់ កំពុងតែជំរុញឲ្យអង្គការសហប្រជាជាតិ បញ្ជាក់ អំពីការអះអាងក្លែងក្លាយ ថា ក្រុមហាម៉ាស់ យកមន្ទីរពេទ្យនានា ជាខ្នងបង្អែកលាក់ខ្លួន។
អ្នកកាសែតមួយរូបរបស់សារព័ត៌មាន Reuters បានអះអាង ថា កងទ័ពអ៊ីស្រាអេល បានទម្លាក់គ្រាប់បែកពីលើអាកាស នាពេលយប់ បាញ់ផ្លោងតាមផ្លូវគោក និង ផ្លូវសមុទ្រ ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ ហើយបានចាប់ជនរងគ្រោះ ធ្វើជាចំណាប់ខ្មាំង ជាង២៤០នាក់។
ដោយឡែក ក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បានអះអាង ថា ជនជាតិប៉ាឡេស្ទីន យ៉ាងតិច ១០ ០២២នាក់ បានស្លាប់ ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ គឺភាគច្រើនបំផុត ជាជនស៊ីវិល ហើយក្នុងនោះ មានកុមារ ចំនួន ៤ ១០៤នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN