Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង ខ្លាចក្រុមហេសបូលឡាហ៍ បំពាក់រថចម្បាំងដល់កងទ័ពលីបង់

រដ្ឋធានីប៉ារីស៖ ក្រោយពេលមេដឹកនាំរបស់ក្រុមហេសបូលឡាហ៍ បានគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែល មិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានសម្រេច នឹងបញ្ជូនរថចម្បាំង រាប់សិបគ្រឿង ទៅជួយដល់កងទ័ពជាតិលីបង់ ដើម្បីសម្របសម្រួលការងារល្បាតរួមគ្នា ជាមួយនឹងកងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និង ដើម្បីបន្ធូរបន្ថយនូវភាពតាមនតឹង នៅក្នុងតំបន់។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ថា ក្រោយដំណើរទៅកាន់ប្រទេសលីបង់ លោក សេបាស្ទៀន ឡេខ័រនូ (Sebastien Lecornu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិបារាំង បានថ្លែងទៅកាន់សារព័ត៌មានរបស់លីបង់ L’Orient Le Jour (ឡូយ៉ង់ ឡេ ហ្ស៊ួរ) ថា វាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹងដល់កងទ័ពជាតិលីបង់ ដើម្បីជួយឱ្យប្រទេសមួយនេះ អាចសម្របសម្រួលយ៉ាងល្អ ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំពេលមានភាពតានតឹងកើនឡើង រវាងអ៊ីស្រាអែល និង កម្លាំងហេសបូលឡាហ៍ (Hezbollah) គាំទ្រ ដោយអ៊ីរ៉ង់ នៅភាគខាងត្បូងរបស់ប្រទេសលីបង់។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិបារាំង បានបញ្ជាក់ នៅក្នុងការធ្វើអត្ថាធិប្បាយមួយ ត្រូវបានចុះផ្សាយ កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) ថា រដ្ឋាភិបាលក្រុងប៉ារីស នឹងបញ្ជូនរថពាសដែក ជាច្រើនគ្រឿង បំពាក់ដល់កងទ័ពជាតិលីបង់ នៅក្នុងពេលដ៏ឆាប់ៗនេះ។ ការធ្វើដូច្នេះ គឺកងទ័ពលីបង់ អាចបំពេញបេសកកម្មល្បាត នៅក្នុងប្រទេសរបស់ពួកគេបាន។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិបារាំង បានសង្កត់ធ្ងន់ ថា «យើងនឹងស្វែងរកការបំពាក់សម្ភារយោធាដល់កងទ័ពសម្ពន្ធមិត្តរបស់យើង។ ជាការកត់សម្គាល់ សម្រាប់ការដឹកជញ្ជូនយោធា ត្រូវការពារ ដោយរថពាសដែក គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការដើរល្បាត ហើយរថពាសដែក រាប់សិបគ្រឿង នឹងធ្លាក់ទៅដល់ដៃរបស់កងទ័ពលីបង់ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ រីឯការគាំទ្ររបស់យើង សម្រាប់កងទ័ពជាតិលីបង់ មានរយៈពេលយូរ តាមតែអាចធ្វើទៅបាន ព្រោះតែស្ថានការណ៍បច្ចុប្បន្ន មានការលំបាកខ្លាំង»។

ការលើកឡើងរបស់លោករដ្ឋមន្រ្ដី បានកើតឡើង ចំពេលប្រទេសបារាំង កំពុងតែព្យាយាមប្រើប្រាស់ទំនាក់ទំនង ជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយប្រទេសលីបង់ ដើម្បីព្យាយាមកាត់បន្ថយនូវភាពតានតឹង រវាងអ៊ីស្រាអែល និង ក្រុមហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ប៉ុន្តែអំពើហិង្សានៅតែបន្ដកើនឡើង។

សហរដ្ឋអាមេរិក និង បណ្ដាប្រទេសមួយចំនួនទៀត បានចាត់ទុកក្រុមហេសបូលឡាហ៍ ដែលជាកងកម្លាំងប្រដាប់អាវុធមូស្លីមនិកាយស៊ីយ៉ា (Shia) ជាអង្គការភេរវករ។ បច្ចុប្បន្ន ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ កំពុងតែក្ដោបក្ដាប់អំណាចដ៏ធំសម្បើម នៅក្នុងប្រទេសលីបង់ ខណៈសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ កំពុងតែប្រឈមមុខនឹងវិបត្ដិដ៏ធ្ងន់ ខណៈរដ្ឋាភិបាល ស្ទើរតែដំណើរការទៅមុខលែងរួច។

ស្ថិតក្នុងស្ថានភាពបែបនេះ មេដឹកនាំលីបង់ កំពុងតែព្រួយបារម្ភ ថា ការប៉ះទង្គិចគ្នា រវាងក្រុមហេសបូលឡាហ៍ និង អ៊ីស្រាអែល អាចផ្ទុះឡើង ក្លាយទៅជាជម្លោះដ៏ធំមួយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រោះតែមេដឹកនាំរបស់ក្រុមប្រដាប់អាវុធមួយនេះ បានគំរាមកំហែង វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ដែលកំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមហាម៉ាស់ ជាសម្ពន្ធមិត្តរបស់ពួកគេ នៅតំបន់ហ្កាហ្សា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×