Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិអ៊ីស្រាអែល អះអាងពីកងទ័ពរបស់ខ្លួន ចូលដល់បេះដូងទីក្រុងហ្កាហ្សា

spot_img

រដ្ឋធានីជេរូសាឡឹម៖ អ៊ីស្រាអែល បានធ្វើសង្គ្រាម វាយប្រហារសងសឹក ទៅលើក្រុមហាម៉ាស់ ចាប់តាំងពីក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីន មួយនេះ បានវាយប្រហារទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក ប៉ុន្ដែប្រមុខការពារជាតិរបស់ប្រទេសមួយនេះ បានអះអាង ពីកងទ័ពរបស់ខ្លួន បានចូលដល់កណ្ដាលទីក្រុងហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ដោយបានដកស្រង់សម្ដីរបស់លោក យ៉ូវ ហ្កាលឡង់ (Yoav Gallant) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ កាលពីថ្ងៃអង្ការ (ទី៧ ខែវិច្ឆិ) ថា កងទ័ពអ៊ីស្រាអែល កំពុងតែធ្វើប្រតិបត្ដិការសឹក នៅកណ្ដាលទីក្រុងហ្កាហ្សា ពោលគឺមានរយៈពេល១ខែ ក្រោយការវាយប្រហារយ៉ាងបង្ហូរឈាម កាលពីថ្ងៃទី៧ ខែតុលា បានបង្កឡើង ដោយក្រុមហាម៉ាស់។ នេះជាយុទ្ធនាការ តាមកម្ទេចក្រុមជីវពលប៉ាឡេស្ទីន ដ៏ខ្លាំងក្លាបំផុតមួយ មិនធ្លាប់មានពីមុនមក។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «យើងកំពុងតែស្ថិតនៅកណ្ដាលទីក្រុងហ្កាហ្សា (Gaza City) ព្រោះហ្កាហ្សា ជាមូលដ្ឋានដ៏ធំបំផុតរបស់ក្រុមហាម៉ាស់»។

អ៊ីស្រាអែល បានប្ដេជ្ញាតាមវាយប្រហារកម្ទេចក្រុមហាម៉ាស់ ក្រោយពេលពួកគេបានវាយប្រហារទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ និង ជាង ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯយុទ្ធនាការរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់មនុស្ស កើនឡើង លើសពី ១០ ៣០០នាក់។

រហូតមកដល់ពេលនេះ ថ្វីបើមានការអំពាវនាវ ពីសហគមន៍អន្ដរជាតិ ទាមទារឲ្យមានបទឈប់បាញ់គ្នាយ៉ាងណាក៏ដោយ ក៏លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសយ៉ាងច្បាស់ ថា នឹងមិនមានបទឈប់បាញ់នោះឡើយ រហូតល្គឹកណា ក្រុមហាម៉ាស់ បានដោះលែងជនរងគ្រោះ ជាង២៤០នាក់ ដែលត្រូវបានពួកគចាប់ជាចំណាប់ខ្មាំង នៅក្នុងការឆ្មក់វាយប្រហារ មកលើប្រទេសអ៊ីស្រាអែល។

លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ ក៏បានសង្កត់ធ្ងន់ ថា អ៊ីស្រាអែល នឹងទទួលយកសន្តិសុខទាំងមូល នៅក្នុងតំបន់ហ្កាហ្សា ក្រោយការបញ្ចប់សង្រ្គាម ខណៈអនុញ្ញាតឱ្យមានការផ្អាកយុទ្ធសាស្ត្រ ដែលអាចធ្វើទៅបាន នៅមុនពេលនោះ ដើម្បីដោះលែងអ្នកត្រូវបានចាប់ឃុំឃាំង និង ផ្តល់ជំនួយដល់ទឹកដី ដែលបានឡោមព័ទ្ធ ដោយមានប្រជាជន ចំនួន២,៤លាននាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×