រដ្ឋធានីវ៉ាស៊ីនតោន៖ ទីប្រឹក្សាយោធាកំពូលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានអះអាង អំពីដំណោះស្រាយលឿនជាងមុន ចំពោះការប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សា អាចជួយកម្រិតជម្លោះស៊ីវិល រហូតជំរុញឲ្យមានមនុស្សចូលរួម ជាមួយក្រុមសកម្មប្រយុទ្ធរបស់ប៉ាឡេស្ទីន។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា លោកនាយឧត្ដមសេនីយ៍ ឆាលស៍ ឃ្យូ.ប្រោន (Charles Q. Brown) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានអះអាង ថា គោលបំណង ដែលបានបញ្ជាក់របស់អ៊ីស្រាអែល សម្រាប់យុទ្ធនាការសឹក នៅតំបន់ហ្កាហ្សា គឺជាការកម្ទេចដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលគ្រប់គ្រងនៅលើទឹកដីមួយនេះ ក្លាយជាបទបញ្ជាដ៏ធំមួយ។ ប៉ុន្ដែលោកមេទ័ពកំពូលសហរដ្ឋអាមេរិក រូបនេះ ក៏បានប្រាប់ ថា អ៊ីស្រាអែល ត្រូវតែផ្ដោតលើគោលដៅមេដឹកនាំកំពូល ដែលអាចសម្រេចគោលដៅដ៏លឿនបំផុត។

លោកមេទ័ពកំពូលសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) នៅក្នុងការធ្វើអត្ថាធិប្បាយ ជាលើកដំបូង ជុំវិញជម្លោះ អស់រយៈពេល១ខែកន្លងមកនេះ ថា «ខ្ញុំគិតថា សង្គ្រាមនេះ នឹងបន្ដរយៈពេលយូរ»។
កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្ដិការសឹក តាមផ្លូវគោក និង ផ្លូវអាកាស ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ក្រោយពេលក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីន មួយនេះ បានសម្រុកចេញពីតំបន់ហ្កាសហ្សា ឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ ហើយបានចាប់ជនរងគ្រោះផ្សេងទៀត ចំនួន ២៤០នាក់ ធ្វើជាចំណាប់ខ្មាំង។
ក្រុមមន្រ្ដីប៉ាឡេស្ទីន បានបញ្ជាក់ ថា គិតត្រឹម ថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) អ្នកស្រុកតំបន់ហ្កាហ្សា ចំនួន ១០ ៥៦៩នាក់ បានស្លាប់ ហើយជនរងគ្រោះទាំងនោះ មានចំនួន៤០ភាគរយ ជាកុមារ ហើយបញ្ហាមនុស្សធម៌ កំពុងតែប្រឈមមុខខ្លាំង។

ដោយឡែក លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) ថា ចំនួនអ្នកស្លាប់ ជាជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា បានបង្ហាញ អំពីកំហុសឆ្គង ជាមួយនឹងប្រតិបត្ដិការយោធារបស់អ៊ីស្រាអែល។
លោកនាយឧត្ដមសេនីយ៍ ប្រោន ដែលបានចូលកាន់តំណែង ជាមេទ័ពកំពូលរបស់សហរដ្ឋអាមេរិក កាលពីជាងមួយខែមុន បន្ដពីលោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) ដែលបានចូលនិវត្ដន៍ បានបង្ហាញនូវទំនុកចិត្ត ថា អ៊ីស្រាអែល កំពុងតែគោរពតាមច្បាប់សង្រ្គាម នៅតំបន់ហ្កាហ្សា។ វាមានកន្លែង សម្រាប់កងទ័ពអ៊ីស្រាអែល ត្រូវកែលម្អ នៅក្នុងការពន្យល់ ជាសាធារណៈ អំពីប្រតិបត្ដិការសឹករបស់ខ្លួន ហើយថា គាត់បានលើកឡើង អំពីរឿងនេះ ជាមួយសមភាគីអ៊ីស្រាអែល។
លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានព្រមានដល់ប្រទេសរបស់គាត់ កំពុងតែស្ថិតក្នុងសង្គ្រាមដ៏ខ្លាំងក្លា ហើយវាក៏អាចនឹងបន្ដ នៅក្នុងរយៈពេលយូរថែមទៀតផង។ ជាមួយគ្នានេះ អ៊ីស្រាអែល បានស្ដីបន្ទោស ដល់ក្រុមហាម៉ាស់ ចំពោះការស្លាប់របស់ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ដោយសារតែពួកគេ បានយកជនស៊ីវិល ធ្វើជាខែការពារ ហើយលាក់អាវុធ និង ធ្វើប្រតិបត្ដិការការ នៅក្នុងតំបន់លំនៅឋានរបស់ជនស៊ីវិល៕ រក្សាសិទ្ធដោយ ៖ សារាយSN













