Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសវៀតណាម ណែនាំប្រជាជនរបស់ខ្លួន ចាកចេញជាបបន្ទាន់ពីអ៊ីស្រាអែល និង មីយ៉ាន់ម៉ា

រដ្ឋធានីហាណូយ៖ ដោយសារតែប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ ក្រោយពេលពួកយោធា បានបណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតបង្កឲ្យសង្គ្រាមស៊ីវិល ឆាបឆេះឡើង ខណៈអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាមដ៏ខ្លាំងក្លា ប្រឆាំងនឹងក្រុមហាម៉ាស់នោះ ទើបធ្វើឲ្យក្រសួងការបរទេសវៀតណាម មានការព្រួយបារម្ភ អំពីសុវត្ថិភាពដល់ប្រជាជនរបស់ខ្លួន ហើយណែនាំឲ្យចាកចេញពីប្រទេសទាំង២នេះជាបន្ទាន់។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ថា ក្រសួងការបរទេសវៀតណាម បានជំរុញដល់ប្រជាជនវៀតណាម នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវតែចាកចេញជាបន្ទាន់ ដោយសារតែប្រទេសនេះ ប្រឈមនឹងស្ថានការណ៍វិវឌ្ឍថ្មីៗនេះ នៅតំបន់មជ្ឈិមបូព៌ា។

លោកស្រី ផាម ធូ ហាង (Pham Thu Hang) អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម បានថ្លែង នៅក្នុងសន្និសីទ កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ថា ដោយសារការវិវឌ្ឍស្ថានការណ៍ដ៏ស្មុគស្មាញបំផុត បានបន្តកើតមានឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ទើបក្រសួងការបរទេសវៀតណាម បានផ្តល់អនុសាសន៍ទៅដល់ប្រជាពលរដ្ឋវៀតណាម ត្រូវចាកចេញពីប្រទេសអ៊ីស្រាអែល ឱ្យបានឆាប់ ដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ។ ប៉ុន្ដែរហូតមកដល់ពេលនេះ មានជនជាតិវៀតណាម ចំនួន ១៣នាក់ បានមកដល់ប្រទេសកំណើត ប្រកបដោយសុវត្ថិភាព។

លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម បានបន្ដ ថា ពាក់ព័ន្ធនឹងការការពារពលរដ្ឋវៀតណាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ អាជ្ញាធរភូមា កាលពីពេលថ្មីៗនេះ បានជួយសង្គ្រោះ ដល់ជនបរទេសរាប់រយនាក់ ដោយរាប់បញ្ចូល ទាំងប្រជាជនវៀតណាម ផងដែរ។ នៅក្នុងចំណោមអ្នកត្រូវបានសង្គ្រោះទាំងនោះ មានជនជាតិវៀតណាម ចំនួន១៦៦នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា មានព្រំដែន ជាប់ជាមួយនឹងប្រទេសចិន។ ជម្លោះនៅក្នុងតំបន់នេះ ក៏ដូចជា នៅតាមតំបន់ផ្សេងៗ និង រដ្ឋជាច្រើនទៀតរបស់មីយ៉ាន់ម៉ា ដោយរាប់បញ្ចូលទាំងរដ្ឋកាយីន (Kayin) កំពុងតែរារាំងដល់សិទ្ធិទទួលបាន និង កិច្ចការពារដល់ប្រជាពលរដ្ឋ។

លោកស្រី អ្នកនាំពាក្យ រូបនេះ បានបន្ថែម ថា ក្រសួងការបរទេសវៀតណាម បានណែនាំដល់ប្រជាជនវៀតណាម ត្រូវតែចៀសវាងនូវការធ្វើដំណើរ ទៅកាន់រដ្ឋសាន (Shan) និង រដ្ឋកាយីន ប្រទេសមីយ៉ាន់ម៉ា។ ប្រសិនបើពួកគេ កំពុងតែស្ថិតក្នុងរដ្ឋទាំងនេះ គួរតែចាកចេញ និង វិលត្រឡប់ មកកាន់ប្រទេសវៀតណាមវិញ។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ជនស៊ីវិល ជិត ១៨ ០០០នាក់ បានរត់ចោលផ្ទះសម្បែង នៅក្នុងទីក្រុងជាច្រើន រួមមាន៖ ឡាស៊ីយ៉ូ (Lashio), ក្យោកមេ (Kyaukme), ហ៊ីសេនី (Hseni)… ជាដើម ចាប់តាំងពីសម្ពន្ធភាពមិត្តភារៈ បានចាប់ផ្ដើមបើកប្រតិបត្ដិការយោធា ចំនួន១០២៧លើករួចមក។

ក្រុមឧទ្ទាម ចំនួន៣ក្រុម បានប្រកាសឈ្មោះខ្លួនឯង ថា ជា«កងទ័ពរំដោះជាតិតាអាង ហៅកាត់ TNLA, កងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និង កងទ័ពអារ៉ាក់កាន់ (Arakan) បាន និង កំពុងតែវាយប្រហារ ទៅគោលដៅយោធានានារបស់រដ្ឋាភិបាល នៅទូទាំងរដ្ឋសាន (Shan) និង ភាគខាងជើង រដ្ឋកាឈីន (Kachin) ហើយតំបន់ភាគខាងជើងសាហ្គេង (Sagaing) និង ម៉ាន់ដាឡៃ (Mandalay) ។

កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានអះអាង កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) ថា ទីតាំងឈរជើងរបស់រដ្ឋាភិបាលយោធា យ៉ាងតិច ចំនួន ១១២ និង ទីក្រុងប្រជុំជន ចំនួន៤ ត្រូវបានរឹបអូស ដោយកងកម្លាំងចលនាតស៊ូ ប្រឆាំងនឹងរបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកស្រុក រាប់សិបពាន់នាក់ បានរត់ចោលផ្ទះសម្បែង នៅក្នុងទីក្រុងនងគីយ៉ូ (Nawnghkio) ខណៈកម្លាំងប្រដាប់អាវុធចលនាតស៊ូ TNLA និង កម្លាំងការពារប្រជាជនម៉ាន់ដាឡៃ បានឆ្មក់វាយប្រហារ ទៅលើក្បួនរថយន្ដរបស់របបសឹក នៅក្នុងទីក្រុង ចាប់តាំងពីដើមខែតុលា រហូតមក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×