Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក ណាត់ជួបមេដឹកនាំចិន ដើម្បីបន្ធូរបន្ថយភាពតានតឹង

រដ្ឋធានីវ៉ាស៊ីនតោន៖ បញ្ហាសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជា បញ្ហាកោះតៃវ៉ាន់ បានធ្វើឲ្យចំណងទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែមានភាពតានតឹងយ៉ាងខ្លាំង ហើយឥឡូវនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក និង មេដឹកនាំចិន កំពុងតែណាត់ជួបគ្នា នៅក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីស្ដារចំណងទំនាក់ទំនងឡើងវិញ ហើយមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២នេះ នឹងលើកយក អំពីបញ្ហាជាច្រើន មកជជែកគ្នា ដោយរាប់បញ្ចូលទាំងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ ហើយជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន ព្រោះទាំងភាពតានតឹង លើកោះតៃវ៉ាន់ ផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់សម្ដីរបស់ក្រុមមន្រ្ដី នៃមហាអំណាចជាគូប្រជែងគ្នាទាំង២នេះ បានអះអាង កាលពីថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) នឹងជួបគ្នាជាលើកដំបូង នៅសប្ដាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ស្ថិតក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក។

លោកស្រី ខារីន ហ្សង់ព្យែរ (Karine Jean-Pierre) អ្នកនាំពាក្យ សេតវិមាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើង នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយមេដឹកនាំ នៃប្រទេសមហាអំណាចទាំង២នេះ នឹងពិភាក្សាគ្នា អំពីបញ្ហាជាច្រើន រួមមាន បញ្ហាទ្វេភាគី បញ្ហាតំបន់ និង ពិភពលោក ព្រមទាំងមធ្យោបាយឆ្លើយតបទៅនឹងការគ្រប់គ្រងនូវការប្រកួតប្រជែង ប្រកបដោយការទទួលខុសត្រូវ។

ដោយឡែក ក្រសួងការបរទេសចិន បានបញ្ជាក់ ថា លោកប្រធានាធិបតី ស៊ី ជិនពីង នឹងធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤-១៧ ខែវិច្ឆិកា នៅមុនជំនួបកំពូលរបស់ប្រមុខរដ្ឋចិន និង សហរដ្ឋអាមេរិក។ នេះក៏ជាលើកទី១ សម្រាប់លោកប្រធានាធិបតី ស៊ី ចូលរួមកិច្ចប្រជុំ ជាមួយនឹងបណ្ដាមេដឹកនាំ នៃកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ី-ប៉ាហ្វិក (ហៅកាត់ APEC)។

ជំនួបកំពូល រវាងមេដឹកនាំចិន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឡើង ក្រោយពេលកិច្ចប្រជុំជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ រវាងមន្រ្ដីកំពូលរបស់ក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន។ កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបលើកដំបូងរបស់មេដឹកនាំ ននៃប្រទេសមហាអំណាចទាំង២ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

មន្រ្ដីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា កិច្ចប្រជុំ នៅថ្ងៃពុធ សប្ដាហ៍ក្រោយនេះ នឹងមានគោលបំណង ធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង ចាប់តាំងពីចំណងទំនាក់ទំនងការទូតរបស់ប្រទេសមហាអំណាចទាំង២ បានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្ដែមន្រ្ដីអាមេរិករូបនេះ ក៏បានព្រមាន កុំឲ្យមានការរំពឹងទុកលើលទ្ធផល នឹងទទួលបានយ៉ាងធំបំផុតពេក។

មន្រ្ដីសហរដ្ឋអាមេរិក បានអះអាង ដោយសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ថា លោកប្រធានាធិបតី ចូ បៃដិន និង មេដឹកនាំចិន លោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នា អំពីវិបត្តិសកលលោក រួមមាន សង្រ្គាម រវាង អ៊ីស្រាអែល-ហាម៉ាស់, ហើយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ក៏ដូចជា ភាពតានតឹងលើកោះតៃវ៉ាន់ និង បញ្ហាជាច្រើនទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×