រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កំពុងតែបន្ដវាយប្រយុទ្ធកាន់តែសាហាវបំផុត រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី ស្របពេលមានសេចក្ដីការណ៍ពីក្រុងកៀវ បានអះអាង អំពីការកម្ទេចនាវាចម្បាំង ចំនួន២គ្រឿង នៅឧបទ្វីបគ្រីមៀ ហើយបានធ្វើឲ្យក្រុងមូស្គូ បន្ដបានបាត់បង់ទាហាន ជាង ១០០០នាក់បន្ថែមទៀត កាលពី២៤ម៉ោងមុននេះ។
អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ថា នៅក្នុងរយៈពេល២៤ម៉ោងមុននេះ កងទ័ពអ៊ុយក្រែន បានស្លាប់ទាហានរុស្ស៊ី ចំនួន ១ ១៣០នាក់ ហើយបានកម្ទេចគ្រឿងសឹករបស់សត្រូវ អស់ជាច្រើន រួមមាន៖ នាវាចម្បាំង ចំនួន២គ្រឿង, រថក្រោះចំនួន ២៥គ្រឿង, រថពាសដែក ចំនួន២៤គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន៣៨គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន១គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន១គ្រឿង និង គ្រឿងសឹកផ្សេងៗទៀត។ ប៉ុន្ដែបើគិតចាប់តាំងពីការផ្ទុះសង្គ្រាមឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិ រួចមកហើយ ចំនួន ៣១០ ៦៥០នាក់។
ដោយឡែក គ្រឿងសព្វាវុធរបស់រុស្ស៊ី ត្រូវបានបំផ្លាញ ដោយកងទ័ពអ៊ុយក្រែន នៅក្នុងរយៈពេលដូចគ្នានេះ រួមមាន៖ យន្ដហោះចម្បាំង ចំនួន ៣២២គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ៣២៤គ្រឿង, នាវាច្បាំងតូចធំ ចំនួន២២គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, រថក្រោះចំនួន ៥៣៤២គ្រឿង, រថពាសដែក ចំនួន ១០ ០៤១គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៧ ៥២៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៨៧៩គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ៥៧៩គ្រឿង, ដ្រូន ចំនួន ៥ ៦២០គ្រឿង, មីស៊ីលគ្រូស ចំនួន ១ ៥៥៩គ្រឿង, រថយន្ដយោធា និង ដឹកប្រេង ចំនួន ៩ ៩២៥គ្រឿង។
បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានអះអាង ពីចំនួនកងទ័ពរបស់ខ្លួនរងនូវការខូចខាតនោះឡើយ។ រីឯសេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអារបស់ភាគីរបស់ក្រុងកៀវ តែប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN