រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលពិភពលោក កំពុងតែប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំង ជុំវិញបញ្ហាសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និង តំបន់អឺរ៉ុបខាងកើតនោះ រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានព្រមានដល់រដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការដល់ក្រុមហ៊ុននានារបស់ចិនចិន ជួយផ្គត់ផ្គង់សម្ភារយោធា គាំទ្រដល់រុស្ស៊ី ដែលកំពុងតែប្រឹងប្រែង ធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា លោកស្រី ចាណែត យេលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) ថា លោកស្រី បានព្រមព្រៀង បង្កើនទំនាក់ទំនងឲ្យបានខ្លាំងក្លាជាមួយនឹងឧបនាយករដ្ឋមន្រ្ដីចិន លោក ហេ លីហ្វេង (He Lifeng) ដោយផ្ដោតលើបញ្ហាសេដ្ឋកិច្ច។ ប៉ុន្ដែលោកស្រី បានព្រមានដល់មេដឹកនាំរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែចាត់វិធានការ លើក្រុមហ៊ុននានារបស់ចិន ដែលផ្ដល់នូវការគាំទ្រសម្ភារផ្សេងៗ ដល់រុស្ស៊ី សម្រាប់កិច្ចខិតខំប្រឹងប្រែង សម្រាប់សង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន។
លោក យេលឡែន បានប្រាប់សន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំ រយៈពេល២ថ្ងៃ នៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) ថា ភាគីទាំង២ មានការពិភាក្សា ដោយផ្ទាល់ និង ប្រកបដោយផ្លែផ្កា នៅលើបញ្ហាជាច្រើន ចាប់តាំងពីការគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក រហូតដល់វិស័យពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រួមទាំង ការប្រែប្រួលអាកាសធាតុ និង ការបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសមានប្រាក់ចំណូលទាប។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jing) នឹងជួបចរចាគ្នាជាលើកដំបូង នៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៃកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN