រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ បានបណ្ដាលឲ្យចំនួនអ្នកស្លាប់ កើនឡើង រហូតជាង ១១ ០០០នាក់ ខណៈជនជាតិប៉ាឡេស្ទីន ជិត២០០ ០០០នាក់បានភៀសខ្លួន ចេញពីតំបន់ភាគខាងជើង តំបន់ហ្កាហ្សា ហើយជម្លោះនេះបានជំរុញឲ្យក្រុមប្រដាប់អាវុធហេសបូលឡាហ៍ (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ ដែលសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ហាម៉ាស់ វាយប្រហារមកលើអ៊ីស្រាអែល ទើបរដ្ឋមន្រ្ដីការពារជាតិប្រទេសនេះ គំរាមកំហែងដល់ប្រទេសលីបង់ ថា «អ្វីដែលយើងកំពុងតែធ្វើ នៅក្នុងតំបន់ហ្កាហ្សា យើងក៏អាចធ្វើ នៅក្នុងរដ្ឋធានីប៊េរូត ផងដែរ»។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់សម្ដីរបស់លោក យ៉ូវ ហ្កាលឡង់ត៍ (Yoav Gallant) បានព្រមានដល់ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ ថា ការធ្វើសងញការសង្គ្រាម នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំធេង នៅក្នុងប្រទេសលីបង់ ដូចគ្នាទៅនឹងតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល កំពុងតែប្រយុទ្ធជាមួយនឹងកងជីវពលហាម៉ាស់។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានដល់ទាហានរបស់ខ្លួន នៅភាគខាងជើងព្រំដែនរបស់អ៊ីស្រាអែល ថា« ប្រសិនបើហេសបូលឡាហស៍ ធ្វើឲ្យមានកំហុសបែបនេះដែរ គឺពួកគេ នឹងត្រូវបង់នូវការខាតបង់ជាលើកដំបូង ហើយនឹងគ្រោះថ្នាក់បំផុត ដល់ប្រជាជនលីបង់ ព្រោះអ្វីដែលយើងកំពុងតែធ្វើ នៅតំបន់ហ្កាហ្សា យើងក៏អាចធ្វើ នៅក្នុងរដ្ឋធានីប៊េរូត (Beirut) ប្រទេសលីបង់ដែរ»។
សង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង ក្រោយពេលក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។
មន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល បានស្លាប់អ្នកស្រុកហ្កាហ្សា កើនឡើង ជាង ១១ ០០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន៤០ភាគរយជាកុមារ៕រក្សាសិទ្ធដោយ ៖ សារាយSN