រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមវាយប្រយុទ្ធគ្នាដ៏ឃោរឃៅ រវាងអ៊ីស្រាអែល និង ហាម៉ាស់ បានសម្លាប់មនុស្ស កើនឡើង ដល់ជាង ១១ ០០០នាក់ និង មានអ្នករងរបួសជាង ២៨ ០០០នាក់ ហើយជម្លោះនេះបានកាត់ផ្ដាច់សេវាព្យាបាលដល់ជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យធំបំផុត នៅភាគខាងជើង តំបន់ហ្កាហ្សា។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្ទ្រីប បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ថា ចំនួនអ្នកស្លាប់ ដោយសារតែការវាយប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ នៅលើទឹកដីរបស់ប៉ាឡេស្ទីន បានកើតឡើង ដល់ ១១ ១៨០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានកុមារ ចំនួន ៤ ៦០៩នាក់ និង ស្រ្ដី ចំនួន ៣ ១០០នាក់ ខណៈមនុស្ស ២៨ ០០០នាក់ផ្សេងទៀត រងរបួស។ ដោយឡែក មន្ទីរពេទ្យដ៏ធំបំផុតនៅភាគខាងជើងតំបន់ហ្កាហ្សា ឈ្មោះ Al-Shifa (អាល់-ស៊ីហ្វា) និង មន្ទីរពេទ្យផ្សេងៗទៀត នៅតែបន្ដកាត់ផ្ដាច់ ដោយសារតែសង្គ្រាម វាយប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និង ហាម៉ាស់ កាលពីថ្ងៃអាទិត្យ។ រីឯទារកទើបនឹងកើត ជាច្រើននាក់បានបាត់បង់ជីវិត ហើយមនុស្ស រាប់សិបនាក់ផ្សេងទៀត ប្រឈមនឹងហានិភ័យ ដោយសារតែការកាត់ផ្ដាច់ចរន្ដអគ្គិសនី។

មន្រ្ដីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានបញ្ជាក់ ថា មន្ទីរពេទ្យធំ Al-Shifa និង មន្ទីរពេទ្យផ្សេងៗទៀត នៅតំបន់ភាគខាងជើង តំបន់ហ្កាហ្សា ក្លាយជាគោលដៅដ៏សំខាន់ នៃសង្រ្គាមរបស់អ៊ីស្រាអែល អស់រយៈពេលជាងមួយខែមកនេះ ដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធ និង រំដោះចំណាប់ខ្មាំង ហើយស្ទើរតែធ្វើឲ្យក្រុមគ្រូពេទ្យ មិនអាចព្យាបាលអ្នកជំងឺបាន។
លោក អាស្រាហ្វ អាល់-គីដ្រា (Ashraf Al-Qidra) អ្នកនាំពាក្យ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានបញ្ជាក់ ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបង្កឲ្យមានអ្នករងរបួស និង ស្លាប់ ជារៀងរាល់ថ្ងៃ។ សកម្មភាពបែបនេះ បានបង្កឲ្យមានគ្រោះថ្នាក់ ដល់ក្រុមគ្រូពេទ្យ និង ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា។
សង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង ក្រោយពេលក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានវាយប្រហារទៅលើអ៊ីស្រាអែល កាលពី ថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង បានចាប់ជាចំណាប់ខ្មាំង ជាង២០០នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN





